(បាត់ដំបង)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលា ស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ចនៅកម្ពុជា ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកស្រី ឈឿន ចាន់ណា នាយិការងសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង នៅទីតាំងសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលានេះ ដែរត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច ហើយក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែម ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក ស៊ីយ៉ា ម៉ាលីដា នាយកការិយាល័យប្រតិបត្តិការមូលបត្រ និង បរធនបាលកិច្ច វាគ្មិនតំណាងពីធនាគារអេស៊ីលីដា ភីអិលស៊ី, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង៕