(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងសមាគមអប់រំនានាបានបង្ហាញការយល់ឃើញថា កម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ីអន្តរជាតិ២០២៤ បានចូលរួមជំរុញសមត្ថភាពសិស្សានុសិស្សកម្ពុជាឱ្យកាន់តែពូកែ និងបណ្ដុះឆន្ទៈដលើពួកគេចង់ចូលរួមប្រកួតនៅកម្មវិធីក្រោយៗទៀត ពោលគឺស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស។

គួរជម្រាបថា សមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី  (The Brainiac Factory) រៀបចំពិធីប្រគល់មេដាយនិងវិញ្ញាបនបត្រជូនដល់បេក្ខជនជយលាភីគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ីអន្តរជាតិ២០២៤ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពលោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមរបាយការណ៍របស់លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល The Brainiac Factory បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សកម្ពុជាចូលរួមក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដក្នុងចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះបេក្ខជនកម្ពុជាមានចំនួនសរុប១,៤០១នាក់មកពីគ្រឹះស្ថានអប់រំ១៣០គ្រឹះស្ថាននៅទូទាំងប្រទេស រួមមាន៖ គ្រឹះស្ថានអប់រំសាធារណៈចំនួន៥០គ្រឹះស្ថាន និងគ្រឹះស្ថានឯកជនចំនួន៨០គ្រឹះស្ថាន ដោយក្នុងនោះកម្ពុជាបានឈរនៅចំណាត់ថ្នាក់ទី១០ជាប្រទេសដែលមានចំនួនសិស្សានុសិស្សកម្ពុជាចូលរួមប្រកួតប្រជែងច្រើនជាងគេក្នុងចំណោម៣៨ប្រទេស ខណៈនៅទូទាំងពិភពលោកមានបេក្ខជនចូលរួមសរុបចំនួន៥៧,០៧៥នាក់។

លោក សរ រិទ្ធី អនុប្រធានសមាគម តំណាងលោកបណ្ឌិត តុង វណ្ណៈ ប្រធាសមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានលើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិប្រកួតប្រជែងដែលមានលក្ខណៈវិទ្យាសាស្រ្តនេះ គឺពិតជាសមស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំសាធារណៈនិងឯកជនទាំងអស់ខិតខំបន្ដចូលរួមជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

លោកអនុប្រធានសមាគមបានសម្តែងនូវការអបអរសាទរជូនចំពោះបេក្ខជនជ័យលាភីទាំង៤៩០នាក់ ដែលទទួលបាមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយក៏បានលើកទឹកដល់បេក្ខជនទាំង៨៨១នាក់ផ្សេងទៀតដែលមិនទទួលបានជយលាភី និងបានផ្ដាំផ្ញើដល់សិស្សទាំងអស់បន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រៀមចូលរួមក្នុងការប្រកួតប្រជែងនាឱកាសក្រោយៗទៀត។ 

ក្នុងនាមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកក៏បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី-អាស៊ីអន្តរជាតិ (SIMCC SG) និងមជ្ឈមណ្ឌល The Brainiac Factory ដែលបានខិតខំរៀបចំឱ្យមានព្រឹត្តការណ៍ប្រកួតប្រជែងគណិតវិទ្យា វិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាការផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជាអាចចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ហើយសូមគាំទ្រឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានលក្ខណៈអន្តរជាតិផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់ពេលខាងមុខ។

លោកអនុរដ្ឋលេខាធិការ ឡោ ឆវណ្ណា ក៏បានសម្តែងការកោរសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា
និងមជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ីអន្តរជាតិ និងមជ្ឈមណ្ឌល The Brainiac Factory បានសហការរៀបចំកម្មវិធីនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកអនុរដ្ឋលេខាធិការក៏បានអំពាវដល់សិស្សានុសិស្សនៅភូមិសិក្សាថ្នាក់ទី៩ និងទី១២ សូមត្រៀមខ្លួនឱ្យល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕