(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១របស់កម្ពុជា បានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។

ការកោតសរសើរនេះធ្វើឡើងនាឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួបលើក២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតបានរំឭកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្រេចចូលរួមគាំទ្រដល់សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលមានដែលលោក ស្កុត នីសុន (Scott Neeson) ជាប្រធាន អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបានមើលឃើញថា អង្គការនេះបានជួយបណ្ដុះបណ្ដាលកុមារ និងអ្នកបាត់បង់ឱកាសជាច្រើននាក់ឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងឱកាសបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេស ដើម្បីមានរបរចិញ្ចឹមជីវិត ព្រមទាំងមានអ្នកខ្លះត្រឡប់មកជួយដល់ការងាររបស់មូលនិធិវិញផងដែរ។ ជាមួយនេះ លោកជំទាវបណ្ឌិតតែងបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខដល់កុមារ និងលោកយាយ លោកតា អ៊ំពូមីង ប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ ការនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះជួយពិគ្រោះ និងព្យាបាលជំងឺ ការភ្ជាប់ជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។

លោកជំទាវបណ្ឌិតបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧នេះបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការអភិវឌ្ឍមូលធនមនុស្សជាកិច្ចការសំខាន់មិនអាចខ្វះបាន ដោយរាជរដ្ឋាភិបាលបានកំណត់ការយកចិត្តទុកដាក់លើសកម្មភាពចំនួន៥ រួមមាន៖ ទី១.ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទី២.ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ទី៣.ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ទី៤.ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥.ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ និងបរិយាបន្ន។ ក្នុងន័យនេះ អង្គការមូលនិធិកុមារកម្ពុជាបានចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនេះ ដោយបានចាប់ផ្ដើមជួយចិញ្ចឹមថែរក្សាកុមារកម្ពុជាដែលជួបការលំបាក តាំងពីមានចំនួន៤៥នាក់ រហូតដល់បច្ចុប្បន្នមានចំនួនប្រមាណ១,០០៨នាក់ ដើម្បីទទួលបានការជួយកសាងអនាគតរុងរឿងមួយដល់ពួកគេ។

លោកជំទាវបណ្ឌិតបានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវបណ្ឌិតបានអំពាវនាវដល់គ្របភាគីពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រសកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងជួយលើកកម្ពស់វិស័យមនុស្សធម៌ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត៕