(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៤៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយក្មេងទំនើង២ក្រុម ក្នុងនោះមាន ជនត្រូវចោទមានខ្លួនចំនួន៦នាក់ ត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៣៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ជនត្រូវចោទទាំង៦នាក់នោះ រួមមាន គឺ ១៖ឈ្មោះ យូ គឹមឈង, ២៖ឈ្មោះ នាង សិរីនរៈរាជ, ៣៖ឈ្មោះ តាតារា ដាវ៉ាំន់, ៤៖ឈ្មោះ ថៃ រិទ្ធិស័ក, ៥៖ឈ្មោះ វឿន សុភក្ត្រា និង៦៖ឈ្មោះ ខុន សំណាងសុផាន់ណារ៉ូ និងជនត្រូវចោទចំនួន៤នាក់ទៀត រួមជាមួយបក្ខពួកកំពុងគេចខ្លួន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយក្មេងទំនើង ចំនួន២ក្រុម គឹក្រុមក្មេងទំនើងទី១ ឈ្មោះ សប្បាយបស់គេ (SBK) ដែលមានគ្នា១០នាក់ និងក្រុមក្មេងទំនើងទី២ ឈ្មោះ មនោរម្យ មានគ្នា៤នាក់ បានណាត់ក្រុមក្មេងទំនើងឈ្មោះ តូក្យូ (TOKYO) ឲ្យទៅកាប់គ្នាជាមួយគេ លុះមកដល់ចំណុចកើតហេតុ ក្រុមក្មេងទំនើងទាំង២ក្រុម ក៏បានដេញកាប់លើក្រុម TOKYO និងកាប់ម៉ូតូរបស់ក្រុម TOKYO ធ្វើឲ្យខូចខាតម៉ូតូចំនួន២គ្រឿង ព្រមទាំងបានលួចមួកសុវត្ថិភាព និងទូរស័ព្ទដៃចំនួន១គ្រឿងផងដែរ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង៦នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ និងតឹងរឹង៕