(ស្វាយរៀង)៖ អ្នកឆ្លុះកង្កែបអាចម៍គោមានចិត្ត សប្បាយរីករាយដោយសារមានទីផ្សារល្អហើយបានតម្លៃសមរម្យ ដែលពីមុនមកពុំសូវមានទីផ្សារនោះទេ មានតែតាមតៀមលក់ទឹកត្នោតជូរដែលគេកម្មង់យកទៅលក់ធ្វើជាគ្រឿងក្លែមប៉ុណ្ណោះ។

អ្នកឆ្លុះសាឡនតនរស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ បានឲ្យដឹងថា ពេលមានភ្លៀងធ្លាក់ម្ដងៗគាត់បានចេញឆ្លុះតឡនតន(ខ្លះហៅកង្កែបអាចម៌គោ)និងកង្កែបកូប ដើម្បីយកទៅលក់នៅផ្សារវាលយន្តស្វាយរៀង ក៏ដូចជាផ្សារមួយចំនួនទៀតនៅក្នុងខេត្ត ដោយបានតម្លៃខ្ពស់ ជាងកង្កែបចិញ្ចឹម។

ប្រភពដដែលបានលើកឡើងទៀតថា កង្កែបធម្មជាតិបកស្បែកហើយ១គីឡូតម្លៃ៣ម៉ឺនរៀល បើប្រៀបធៀបសាច់មាន់១គីឡូក្រាមតម្លៃ២៨,០០០រៀល កង្កែបចិញ្ចឹមបកហើយតម្លៃ១៨,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ចំណែកកង្កែបអាចម៍គោវិញ (នៅស្រស់)១គីឡូតម្លៃ២ម៉ឺនរៀល បើធ្វើជាចង្កាក់ហាស្ងួត១ដុំ១ម៉ឺនររៀល(១០ចង្កាក់)បើសំបូរ ១ដុំ ៥,០០០រៀលទៅ៧,០០០រៀល។

ជុំវិញការរកកង្កែបអាចម៍គោនេះដែរ បើតាមស្ត្រីឈ្មោះស៊ុម សំបូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានឲ្យដឹងថា នាងមានកូនប្រុស៣នាក់ ប្តីគាត់ប្រកបមុខរបរនេសាទត្រី នៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ហើយរលឹម គឺប្តីគាត់ ទៅឆ្លុះកង្កែបនិងចាប់តឡនតន បានច្រើន។ ប៉ុន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺពាយកង្កែបនិងតឡនតនគ្មានឃើញលោតនោះទេ ដូច្នេះប្តីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។ក្នុង១យប់រកបានកង្កែប២គីឡូក្រាមទៅ៣គីឡូក្រាម បកហើយលក់បាន១គីឡូ៣ម៉ឺនរៀល ចំណែកតឡនតន មួយយប់រកបាន៥គីឡូក្រាម តឡនតនស្រស់ វះពោះស្អាត ក្នុង១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ។ហើយពេលជិតភ្លឺ គាត់២នាក់ប្តីប្រពន្ធ ទៅអុសអញ្ចងនៅក្នុងបឹងនិងក្នុងព្រែកទន្លេវ៉ៃគោ (អញ្ចង ក្រឡាល្អិត)រយៈពេល២ម៉ោង បានត្រីស ត្រីចម្រុះ មានអង្កត់ប្រាក់ កំភ្លាញ កញ្ចុះ ចង្វា ធ្វើស្អាត ១ខាំ តម្លៃ២,៥០០រៀល។

រីឯស្ត្រីម្នាក់ឈ្មោះប៊ី សាមុំ អាយុ៣០ឆ្នាំ នៅភូមិបាយ៉ាប បានឲ្យដឹងដែរថា នាងក៏មានកូនស្រី៣នាក់ប្រកបមុខរបរនេសាទត្រី ហើយនៅពេលមានភ្លៀងធ្លាក់ប្តីគាត់ទៅឆ្លុះកង្កែបផងនិងចាប់តឡនតន ក្នុង១យប់ឆ្លុះកង្កែបបាន១គីឡូ ទៅ២គីឡូ និងចាប់តឡនតនបានពី៣គីឡូទៅ៤គីឡូក្រាម គាត់សប្បាយចិត្តដោយកង្កែបនិងតឡនតនលក់បានថ្លៃហើយងាយស្រួលលក់ មកដល់ផ្សារក្រមួន ភ្លាមមានគេមករោមទិញភ្លាមតែ១០នាទីលក់អស់ហើយគេដណ្តើមគ្នាទិញ កូនត្រីស ក៏ដោយ មកដល់គេដណ្តើមគ្នាទិញអស់ភ្លាម។

ចំណែកស្ត្រីម្នាក់រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ អ្នកលក់ត្រីនិងតឡនតន ក្រៀម បានលើកឡើងថា ប្តីនិងកូនៗគាត់ប្របមុខរបរនេសាទត្រី២០ឆ្នាំមកហើយដាក់មង ចងសន្ទូច និងអូសអួន ហើយពេលមានភ្លៀងធ្លាក់កូនៗដើរឆ្លុះកង្កែបនិងចាបតឡនតនចំណែកគាត់តឡនតនអត់លក់ស្រស់ទេ គឺគាត់ប្រឡាក់គ្រឿងរ៉ូទី រួចដោតជាចង្កាក់ ហាលឲ្យក្រៀមទើបយកមកលក់ បើគ្មានអ្នកណាយកមកលក់គាត់លក់ក្នុង១ដុះ(១០ចង្កាក់)១ម៉ឺនរៀល បើមានគេយកមកលក់ច្រើន គឺ១ដុំលក់បាន៥,០០០រៀលទៅ៧,០០០រៀលប៉ុណ្ណោះ៕