(ភ្នំពេញ)៖ កម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅផ្លូវ២១៧ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងមានផ្ទុកសារធាតុញៀនក្នុងខ្លួន។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ឡាយ វណ្ណី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន និងឈ្មោះ រិទ្ធ សុផានិត អាយុប្រហែល១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន។

វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័ងតោ ដងដែកចំនួន១ដើម និងខ្សែក្រវាត់ចំនួន១ខ្សែ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ រិទ្ធ សុផានិត និងជនសង្ស័យឈ្មោះ ឡាយ វណ្ណី បានចេញពីលេងបាល់នៅជិតសាលាបារាំង ក្នុងសង្កាត់ស្ទឹងមានជ័យ១ រួចជនសង្ស័យឈ្មោះ រិទ្ធ សុផានិត បានក៏បានត្រឡប់ទៅផ្ទះវិញ និងបានឱ្យជនសង្ស័យឈ្មោះ ឡាយ វណ្ណី ទៅចាំខ្លួននៅកន្លែងកម្សាន្ត អ៉ឹម ស៉ីផាក ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ លុះរហូតដល់វេលាម៉ោង១៨៖០០នាទីថ្ងៃដដែល ជនសង្ស័យ រិទ្ធ សុផានិត ក៏បានចេញពីផ្ទះដោយសៀតកាំបិតបុ័ងតោចំនួន១ដើម ជាប់និងចង្កេះក្នុងអាវ មកជួបជនសង្ស័យ ឡាយ វណ្ណី រួចបបួល គ្នាចាំកាប់បក្សពួកមួយក្រុមទៀតដែលមានទំនាស់ជាមួយគ្នាកាលពីម្សិលមិញ ដោយជនស្ស័យ ឡាយ វណ្ណី ក៏យល់ព្រម និងរង់ចាំមើលបក្សពួកនោះ តែមិនឃើញសោះ ដោយជនសង្ស័យទាំង២នាក់បានអង្គុយចាំនៅខាងក្រោយ ទូ ATM ក្នុងហ្គារ៉ាសាំង PTT ក្នុងភូមិដំណាក់ធំ៤។ លុះរហូតដល់វេលាម៉ោង៥៖០០នាទីទាបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចផ្លូវ២១៧ ក្បែរហ្គារ៉ាសាំង PTT ភូមិដំណាក់ធំ៤ ក៏ឃើញជនសង្ស័យទាំង២នាក់ខាងលើអង្គុយនៅខាងក្រោយទូ ATM ដោយមានការសង្ស័យក៏ឆែកត្រួតពិនិត្យឃើញមានសៀតកាំបិតបុ័ងតោចំនួន១ដើម និងខ្សែរក្រវាត់ចំនួន១ ក៏ឃាត់យកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕