(បាត់ដំបង)៖ នៅទូទាំងខេត្តបាត់ដំបង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ មានអង្គបោះឆ្នោត៨២៣នាក់ និងមាន ១៤ការិយាល័យបោះឆ្នោត ក្នុងខេត្ត ខណៈដំណើរការបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ដោយឡែក អង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះ ឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។

លោក សុខ ហ៊ីង ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត បានឲ្យដឹងថា អង្គបោះឆ្នោតមាន៨២៣នាក់ទូទាំងខេត្តបាត់ដំបង ក្នុងនោះមាន១៤ការិយាល័យ ១០៣ឃុំ-សង្កាត់ ឆ្នោតក្រុមប្រឹក្សាខេត្តមានមណ្ឌលខេត្តបេក្ខជន២៧អាសន: ក្រុង-ស្រុក២៦០អាសន: និងគណបក្សនយោបាយចំនួន៥ ក្នុងនោះមាន៖ លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២ គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣ គណបក្សកម្លាំងជាតិ លេខរៀង៤ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥ គណបក្សខ្មែររួបរួមជាតិ

ដោយឡែក នៅក្រុងបាត់ដំបងការិយាល័យ១ មាន១០សង្កាត់ ២១អាសន: មានអង្គបោះឆ្នោត១០០នាក់ផងដែរ៕