(រតនគិរី)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលស្រុកវើនសៃ បានឃាត់ខ្លួនជនសង្ស័យ៨នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាជាក្រុម នៅភូមិហ្វាំង ឃុំប៉ង ស្រុកវើនសៃ។ ប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបាននេះចែកចេញជា២ក្រុម ដោយក្នុងនោះ ក្រុមទី១ មានគ្នា៦នាក់ រួមមាន៖ ឈ្មោះ កែវ វិស្នុង អាយុ១៦ឆ្នាំ (ជនដៃដល់), ឈ្មោះ រិន ណារីន អាយុ១៦ឆ្នាំ (ជនដៃដល់), ឈ្មោះ មាំង សំណាង អាយុ១៥ឆ្នាំ, ឈ្មោះ ស្នា សាច្ចា អាយុ១៥ឆ្នាំ, ឈ្មោះ ណាន ទី អាយុ១៥ឆ្នាំ និងឈ្មោះ ហួង ចាន់ធី អាយុ១៦ឆ្នាំ។

ដោយឡែក ក្រុមទី២ មានគ្នា២នាក់ឈ្មោះ សៀន ថងអាន អាយុ១៥ឆ្នាំ និងឈ្មោះ កុ សុវណ្ណ អាយុ១៥ឆ្នាំ។ វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទ iPhone ចំនួន៣គ្រឿង (សភាពចាស់), ដាវកែច្នៃមានប្រវែង៧៦សង់ទីម៉ែត្រ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ យុវជនក្រុមទី១ មានគ្នា៦បានអង្គុយលេងនៅមុខសាលាអនុវិទ្យាល័យវរៈជ័យ ស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ហើយបក្ខពួកក្រុមទី២មានគ្នា៣ បានឲ្យពួកក្រុមទី១ ជិះម៉ូតូដេញតាមពីក្រោយ។ បន្ទាប់មកក្រុមទី១ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចមុខផ្ទះឈ្មោះគ្រូផា ស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ហើយបានយកកំពុងទឹកស្ទីងគប់ទៅលើក្រុមទី២ ហើយហ្វ្រាំងម៉ូតូមិនស៊ីក្រុមទី១ ក៏ជ្រុលទៅបុកគូតម៉ូតូក្រុមទី២បានដួល ក្រុមទី១ ក៏បានលើកម៉ូតូរួច បានដើរទៅរកក្រុមទី២ ហើយក្រុមទី១ បានសួរទៅក្រុមទី២ថា «មិចបានពួកហែងជេរម៉ែអញ» បន្ទាប់មកក្រុមទី១ បានវាយទៅលើក្រុមទី២មុន បន្ទាប់មកក៏បានប្រតាយប្រតបគ្នាទៅវិញទៅមក។

ក្រោយមកក្រុមទី២ ក៏បានហៅទូរស័ព្ទមកសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកវើនសៃ ឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញដើម្បីចាត់ការបន្ដតាមនីតិវិធី៕