(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំទិវាសុខភាពពេលមករដូវឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «យើងរួមគ្នាបញ្ចប់ភាពក្រីក្រលំបាកដោយសារការមករដូវ» និងដើម្បីរួមគ្នាលុបបំបាត់ការមាក់ងាយ ការរើសអើង និងការមិនយកចិត្តទុកដាក់ដែលធ្វើឲ្យរាំងស្ទះការរីកចម្រើន ក៏ស្របគ្នាជាមួយការលើកកម្ពស់សុខភាព ស្រ្តីនិងក្មេងស្រី។

ពិធីនេះបានធ្វើឡើងនៅអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រីវេជ្ជ ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងមានការចូលរួមពីលោកប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា និងលោក លោកស្រី តំណាងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ លោកគ្រូ និងអ្នកគ្រូ រួមទាំងសិស្សានុសិស្សជាង ៣០០នាក់ដែលទទួលបានសំឡីអនាម័យ និងខោទ្រនាប់ដែលបានមកពី ឌីផារាត(The Period)សម្រាប់ការមករដូវ ។

លោកស្រីវេជ្ជ ហួយ ស៊ីខេង បានឱ្យដឹងថា ទិវាសុខភាពពេលមករដូវ ២០២៤ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំង ៤៦ប្រទេសទូទាំងពិភពលោក ធ្វើឡើងដើម្បីតស៊ូមតិសម្រាប់ការគ្រប់គ្រងសុខភាព និងតម្រូវការនៅពេលមករដូវប្រកបដោយប្រសិទ្ធភាព។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងការាបៀន។

លោកស្រីវេជ្ជ ហួយ ស៊ីខេង បានបន្ថែមថា តាមការប៉ាន់ប្រមាណមានប្រជាជនប្រមាណ ១.៨ពាន់លាននាក់ មករដូវនៅទូទាំងពិភពលោក ប៉ុន្តែ ៥០០លាននាក់នឹងជួបប្រទះនឹងភាពក្រីក្រក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះរួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សាឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្តផងដែរ។ ការធ្វើឱ្យប្រសើរឡើងនូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំអោយបានទទួលលទ្ធផលយូរអង្វែងលើការអប់រំ សុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល។

ថ្លែងនាឱកាសនោះដែរលោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រី ។ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈកម្មាធិការ សុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បីពង្រឹងសុខភាពស្រ្តី និងក្មេងស្រី។

នាឱកាសទិវាសុខភាពពេលមករដូវនេះ លោក ហែម ស៊ីណារ៉េត ក៏បានចូលរួមអបអរសាទរ និងមានមោទនភាពចូលរួមចំណែករួមគ្នាសម្រាប់បំបាត់ការមាក់ងាយ និងមិនបានយកចិត្តទុកដាក់ចំពោះអ្នកមករដូវរួមទាំងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវ និងការគ្រប់គ្រងអនាម័យពេលមករដូវ ដូចជាសំឡីអនាម័យ ទីកន្លែងសុវត្ថិភាព សម្រាប់សិស្សស្រីនៅពេលដែលពួកគាត់មករដូវ ដែលនឹងជួយគាត់ឱ្យបានចូលរៀន កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើន និងលូតលាស់។

លោក ហែម ស៊ីណារ៉េត ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក្នុងការរៀបចំទិវាសុខភាពពេលមករដូវនេះឡើងដោយមានការយកចិត្តទុកដាក់សុខភាពរបស់ក្មេងស្រីជាពិសេស និងមានការចែកចាយសំឡីអនាម័យ និងខោទ្រនាប់សម្រាប់ពេលមករដូវ៕