(ភ្នំពេញ)៖ សិស្សសាលាសរុបចំនួន១៩៩នាក់ (ស្រី១០៦នាក់) នៃសាលាអនុវិទ្យាល័យទួលសុវណ្ណារាម ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានទទួលការផ្សព្វផ្សាយអប់រំ ផ្សេងៗ ពាក់ព័ន្ធការចូលរួមទប់ស្កាត់សកម្មភាពក្មេងទំនើង ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសិស្សគ្រប់អាយុ១៥ឆ្នាំឡើង អាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ការចុះអប់រំ និងធ្វើការផ្សព្វផ្សាយតាមវិទ្យាល័យនិមួយៗក្នុងមូលដ្ឋាននេះ ក្រោមការដឹកនាំពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ និងលោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ។

អភិបាលខណ្ឌឬស្សីកែវ បានថ្លែងថា ចំពោះការចុះធ្វើរដ្ឋបាលតាមវិទ្យាល័យនិមួយៗក្នុងមូលដ្ឋានទាំងអស់របស់អាជ្ញាធរនេះ ធ្វើឡើងតាមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងមានកិច្ចសហការល្អពីអធិការដ្ឋាននគរបាលខណ្ឌ, រដ្ឋបាលសង្កាត់, ប៉ុស្ដិ៍រដ្ឋបាល, នាយក, នាយករង, លោកគ្រូ, អ្នកគ្រូ, និងសិស្ស។

យុទ្ធនាការនេះ ក៏ដើម្បីចូលរួមគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕