(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្តមកដល់ផ្លូវច្រកតូចចង្អៀត ក៏បានកៀរម៉ូតូបុរសម្នាក់ មិនសម្របសម្រួល ថែមទាំងហ៊ានដកកាំបិតកាប់ជនរងគ្រោះថែមទៀត តែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញ ស្រែកផ្អើល រហូតមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលបានសេចក្តីរាយការណ៍នេះភ្លាម នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅឃាត់ជនបង្ក នៅចំណុចផ្លូវ៨៣០ កែងផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ HONG QUOC HUY អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារខុនដូរបាលី៥បន្ទប់លេខB05 ជាន់ទី២៧ ផ្លូវចៃការ សង្កាត់ទន្លេបាសាក់ មុខរបរទេសចរណ៍ តែគ្មានលិខិតឆ្លងដែន។

វត្ថុតាងដកហូត រួមមាន៖ ដាវពណ៌ស១, ទូរសព្ទដៃ១គ្រឿង និងរថយន្ត០១គ្រឿង ម៉ាកប្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-5342។

ជនរងគ្រោះឈ្មោះ ប៉ែន វណ្ណដេត អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១២២៣ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនអូខុង។

ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីចំណតនៅម្តុំផ្លវ៣២២ សង្កាត់បឹងកេងកង១ គោលបំណងទៅយកម្ហូបនៅកោះពេជ្រ។

នៅពេលគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-5342 បើកបរដោយជនសង្ស័យ ហើយបានជិះមកកៀរគាត់ រួចហើយចុះពីលើរថយន្តច្រានទ្រូងគាត់បណ្តាលឲ្យដួល រួចស្ទុះយកដាវមួយដើមចេញពីក្នុងរថយន្ត មកកាប់គាត់ទៀត ប៉ុន្តែជនរងគ្រោះបានគេចទាន់។

ក្រោយកាប់រួចហើយ ជនសង្ស័យបានចូលក្នុងរថយន្តវិញ ហើយបើកចេញបម្រុងគេចខ្លួន តែពេលនោះ ជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋឃើញក៏ដេញតាមពីក្រោយរថយន្តជនសង្ស័យ រហូតមកដល់ចំណុចផ្លូវ១៧៣ ជិតសាលាទួនហ្វាសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ត្រូវបងប្អូនប្រជាពលរដ្ឋកាក់ឃាត់រថយន្តជាប់រួចក៏រាយការណ៍ជូនមកសមត្ថកិច្ច។

ពេលនោះសមត្ថកិច្ចចុះទៅដល់ ក៏ឃាត់នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់តែម្តង៕