(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពោលគឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អមដំណើរដោយថ្នាក់ដឹកនាំ គ.ជ.ប បានចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតចំនួន ២ ក្នុងខេត្តកណ្តាល ដែលរួមមាន៖ ការិយាល័យបោះឆ្នោតលេខ ០០០១ ដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្តាល ស្ទឹង និងការិយាល័យបោះឆ្នោតលេខ ០០១០ ដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្អាង។

នៅក្នុងឱកាសនោះប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសបានត្រៀមរួចរាល់ ដើម្បីបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

លោក ប្រាជ្ញ ចន្ទ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានរបៀបរៀបរយល្អ។

យោងតាមបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន ១៣ និងមានអ្នកបោះឆ្នោត ចំនួន ៩១៥រូប។ ដោយឡែកសម្រាប់ក្របខណ្ឌទូទាំងប្រទេសវិញ ការិយាល័យបោះឆ្នោតមាន ចំនួន ២០៩ការិយាល័យ  និងមានអ្នកបោះឆ្នោតសរុប ១១,៦២២រូប។

សម្រាប់អាណត្តិទី៤នេះ ចំនួនអាសនៈក្រុមប្រឹក្សា មានដូចខាងក្រោម៖

*សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩ អាសនៈ
*និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន ៣,៦៤១អាសនៈ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប ក៏បានចេញសេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវនេះ គ.ជ.ប បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត៕