(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទទក)
-វិទ្យុជាតិកម្ពុជា ៖ (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
-គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh
-កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH
-Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
-YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែងសរុបចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។

គួរឱ្យដឹងថា ការបោះឆ្នោតអសកលត្រូវបានរៀបចំឡើងដោយ គ.ជ.ប ប្រព្រឹត្តទៅបានចំនួន ១០លើករួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៤លើក ចាប់តាំងពីឆ្នាំ២០០៦ នៃនីតិកាលទី២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៦លើក។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កន្លងមកដែលគ.ជ.ប បានរៀបចំ មានដូចខាងក្រោម៖

*អាណត្តិទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩
*ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១
*អាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
*អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
*ក្រុមប្រឹក្សាក្រុងបូកគោ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
*ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
*សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖

ទី១៖ គណបក្ស ប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្សកម្លាំង ជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕