(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាញយកកម្មវិធីទូរស័ព្ទ APP NoDrug https://nodrugsnacd.com/download_kh ដើម្បីរាយការណ៍ពីបញ្ហាគ្រឿងញៀន ទៅសមត្ថកិច្ច ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើសគ្រឿងញៀន។

ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេល ១ខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ (https://nodrugsnacd.com/download_kh) ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយក និងប្រើប្រាស់ចំនួន ៨,៦០៤នាក់។

លោករដ្ឋមន្ត្រី បានថ្លែងថា នេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។

ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានថ្លែងថា ការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤នេះ ហើយគណៈកម្មការទទួលបន្ហទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។ ជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹង និងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។​​

កម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានកម្មវិធីជាច្រើនរួមមាន៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន, ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹង ប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និងជូញដូរគ្រឿងញៀនគ្រប់ប្រភេទ។

យោងតាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ APP NoDrug នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀនជាច្រើនត្រូវបានពលរដ្ឋរាយការណ៍តាមរយៈកម្មវិធីនេះ និងសមត្ថកិច្ចទទួលអនុវត្តបង្ក្រាបប្រកបដោយជោគជ័យ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដំឡើងនិងប្រើប្រាស់ APP NoDrug https://nodrugsnacd.com/download_kh ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ (https://nodrugsnacd.com/download_kh) មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងកសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន៕