(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ព្រមទាំងនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត។

លោក សោម សូរីដា បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ថ្ងៃ។ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

លោកបានបន្តថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀល ថ្ងៃទី២៤ ខែឧសភា នេះ គ.ជ.ប អាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមមានដូចខាងក្រោម៖

* គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗទៅតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់មេក្រូចល័តតាមភូមិជាដើម។

* មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេសគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង បែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

* គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប្រចាំមក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។

ដោយឡែក អាជ្ញាធរមូលដ្ឋានក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជាការការពារទីតាំង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរណ៍តាមដងផ្លូវ នៅពេលមានការហែក្បួនឃោសនាជាដើម

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖