(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ស្ថាបនិករមណីដ្ឋានភូមិរំដួល និងភូមិសុខារាវី បានបង្ហាញពីចំណុចសំខាន់មួយចំនួន ដែលធ្វើឲ្យការបើកអាជីវកម្មប្រភេទរមណីយដ្ឋាន អាចទាញយកភ្ញៀវ ឱ្យមកលេងកំសាន្ដម្ដងហើយ ចង់មកម្ដងទៀត។

ការលើកឡើងរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បរិយាកាសនៃការអភិវឌ្ឍជំនួញ បែបរមណីយដ្ឋាននៅកម្ពុជា»។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានថ្លែងថា «ដើម្បីអាចទាញភ្ញៀវឲ្យមកម្ដងហើយម្ដងទៀត សម្រាប់រមណីយដ្ឋាន គឺយើងមាន ៣ចំណុចសំខាន់ៗរួមមាន៖ ត្រូវមានគំនិតច្នៃប្រឌិតលើផ្នែករមណីយដ្ឋាន, កុំទាន់ពង្រីកភ្លាមៗ ត្រូវចេះទុកទុន ដើម្បីធ្វើកន្លែងចាស់ឲ្យបានគ្រប់គ្រាន់ជាមុនសិន ផ្ដល់ទំនុកចិត្តដល់ភ្ញៀវ ឲ្យភ្ញៀវជឿជាក់លើកន្លែងយើង»

លោកបានបន្ថែមថា ចំពោះរមណីយដ្ឋានតូចៗ ត្រូវចេះបង្កើតអាជីវកម្មដោយមានការសប្បាយ ៧យ៉ាង បើមិនមានដល់៧យ៉ាងទេ ក៏ត្រឹមមាន១-៣ដែរ ព្រោះការសប្បាយ ចូលក្នុងការបង្កើតរមណីយដ្ឋាននេះ គឺជាធ្នាក់ដ៏សំខាន់ក្នុងការទាញភ្ញៀវ ឲ្យមកម្ដងហើយម្ដងទៀត ក្នុងនោះក៏បូកផ្សំជាមួយការកែច្នៃ ច្នៃប្រឌិតថ្មីៗប្លែកៗ។

សប្បាយ៧យ៉ាងរួមមាន៖ ទី១. ទីកន្លែងគួរចង់រស់នៅ (អាវាសប្បាយ) ២. មានផ្លូវការធ្វើដំណើរល្អ ធ្វើដំណើរស្រួល (គោចរសប្បាយ) ៣.មានការសន្ទនាផ្លាស់ប្តូរគំនិតល្អៗ (ធម្មស្សវនសប្បាយ) ៤.មានមនុស្សល្អនៅជិត (បុគ្គលសប្បាយ) ៥. មានអាហារសុវត្ថិភាពល្អ (ភោជនសប្បាយ) ៦.មានអាកាសធាតុល្អ (ឧតុសប្បាយ) ៧.មានកន្លែងផ្លាស់ប្តូរឥរិយាបថល្អ (ឥរិយាបថសប្បាយ)៕

សូមស្តាប់ការពន្យបន្ថែមរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ៖