(សៀមរាប)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា នាពេលថ្មីៗនេះមានបណ្តាញសារព័ត៌មានបង្ហោះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ថា «ក្រុមក្មេងទំនើងប្រុស-ស្រី បានបើកឆាកប្រយុទ្ធគ្នាដោយមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះនៅតាមបណ្ដោយផ្លូវ២២ ស្ថិតនៅក្នុង ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២២៖១៥នាទីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ»។

ក្រោយមានការចុះផ្សាយនេះភ្លាម, ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ករណីនេះកម្លាំងនគរបាល បានចុះបង្ក្រាបរហូតចាប់ខ្លួនជនល្មើស៦នាក់ បញ្ជូនទៅតុលាការហើយត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ជូនថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០៖២០នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (បណ្តាលឱ្យពិការភាព នៃជនរងគ្រោះ) ស្ថិតនៅចំណុចផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ទៅលើជនរងគ្រោះចំនួន៣នាក់។

បន្ទាប់ពីទទួលព័ត៌មានករណីខាលើ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអធិការដ្ឋាន ក្រុង-ស្រុក ធ្វើការ ស្រាវជ្រាវ និងបង្ក្រាប រហូតដល់វេលាម៉ោង ២៣និង០០នាទី នៅថ្ងៃខែឆ្នាំដដែល បានប្រទះ ក្រុមក្មេងស្ទាវ នៅតាមផ្លូវក្រវ៉ាត់ក្រុង ពីតំបន់សង្កាត់ក្របីរៀលកាត់មកឃុំខ្នាតស្រុកពួក ទិសដៅពីកើតមកលិច ពេលជួបសមត្ថកិច្ចយើងពួកគេជិះគេចខ្លួន ហើយសមត្ថកិច្ចបានតាមទៅដល់តំបន់វត្តមេ ស្ថិតក្នុងភូមិពាមតាអួ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើ។

បន្ទាប់ពីធ្វើការសាកសួរ ជនបង្កបានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពចំនួន០២ទីតាំង គឺទីតាំងទី១ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងទីតាំងទី២ ស្ថិតនៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿង និងបញ្ចូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ចៅក្រមស៊ើបសួរ បានធ្វើការឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងបន្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបបន្តទៀត ចំពោះមុខសញ្ញាដែលនៅសេសសល់៕