(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក នៅ​ បូរ៉ា​ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មាធិការកណ្តាល នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា អមដំណើរដោយលោកគ្រូ ជុច ម៉ុន តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត​ សៀ​ សុភ័ក្រ្ត​ រដ្ឋលេខាធិការ​ ក្រសួងធម្មការ​ និង​ សាសនា​ ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតសហគមន៍​ ដល់ពលរដ្ឋក្នុងភូមិដីដុះ​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ និងមួយកន្លែងទៀត ទីតាំងស្ថិតនៅ ភូមិក្រាំងចេក​ ឃុំចំបក់​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ។

ក្រោមជំនួយឧបត្ថម​ របស់អង្គការ​ Mission25 និង ​LOI ដែលកន្លងមកជួបប្រទះនូវគ្រោះរាំងស្ងួត​ ហើយពលរដ្ឋទាំងក្មេង​ ទាំងចាស់​ និង​ សត្វចិញ្ចឹម​ បាន​ជួបការលំបាកកង្វះទឹកស្អាតប្រើប្រាស់។

លោក នៅ បូរ៉ា បានសំណេះសំណាល និងប្រគល់អណ្ដូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់កាមការគួរ ជួយសម្រាលដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រសើរឡើងមួយកំរិតផង។ សូមបញ្ជាក់ថា អង្គការ​ «Mission25 និង​ LOI» ជាអង្គការមនុស្សធម៌របស់​គ្រីស្ទបរិស័ទ​ ដែលតែងតែយកចិត្តទុកដាក់​ ក្នុងការនាំអណ្តូងទឹកស្អាត​ និង​ ជំនួយផ្សេងៗ​ ជូនដល់ពលរដ្ឋជួបការលំបាកខ្វះទឹកស្អាតប្រើប្រាស់ នៅតំបន់ដាច់ស្រយាលតាមមូលដ្ឋាន​នានា​នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើងនិន្នាការសាសនាណាមួយឡើយ។

ជាមួយគ្នានេះ លោក នៅ បូរ៉ា បានគូសបញ្ជាក់ថា ព្រះយេស៊ូវទ្រង់ស្រលាញ់មនុស្សទាំងអស់​ ដោយមិនរើសអើង​ វណ្ណៈ​ ឋានៈ ពណ៌សម្បុរ​ សាសនា​ ឬ​ ជាតិសាសន៍ណាឡើយ​ ហើយគ្រីស្ទបរិស័ទ​ទាំងអស់ ដែលស្តាប់តា​មបង្គាប់ទ្រង់​ មានកាតព្វកិច្ច​ បន្តចែកចាយសេចក្តីស្រលាញ់ទ្រង់ទៅកាន់មនុស្សទាំងអស់​ ស្របតាមបង្គាប់ទ្រង់៕