(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក សួន រចនា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង តំណាងលោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញដឹកនាំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកស្អាង ដោយមានការចូលរួមពីសមាសភាពគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សការិយាល័យជុំវិញស្រុក សមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង(អង្គបោះឆ្នោត) បេក្ខជនពេញសិទ្ធិ និងបម្រុង ក្រុមប្រឹក្សាស្រុក សរុបប្រមាណជិត ៣០០រូប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ លោក សួន រចនា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា ក៏ដូចជាសមេ្តចមហាបរវធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានគណ​បក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សនៅមូលដ្ឋានទាំងអស់។ ជានិច្ចកាលសម្តេចតេជោ និង សមេ្តចធិបតី តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយសមាជិក សមាជិកាបក្សគ្រប់កាលៈទេសៈ។

លោក សួន រចនា ក៏បានយកវេទិកានេះអំពាវនាវដល់បងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ​ក្នុងខេត្តកណ្តាល ប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយ ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃចុងក្រោយ និងថ្ងៃស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយ សន្តិសុខ សុវត្ថិភាព។

លោកអនុប្រធាន បានណែនាំឱ្យបញ្ឈប់យុទ្ធនាការឃោសនានៅ មុនម៉ោង១០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ និងកុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង នៅថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមពីនេះលោកអនុប្រធាន បានអំពាវនាវចំពោះអង្គបោះឆ្នោតទាំងឡាយ នៅទូទាំងខេត្តកណ្តាល ក៏ដូចជានៅក្នុងស្រុកស្អាង មេត្តាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា ទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតផ្លូវការ ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពិសេស សូមកុំមានការភ័យខ្លាចដោយប្រការណាមួយឱ្យសោះ ព្រោះច្បាប់បានការពារយ៉ាងពេញទំហឹង ជូនបងប្អូន ចំពោះការសម្រេចចិត្តបោះឆ្នោតជូនគណបក្សណាមួយដែលបងប្អូនយល់ថាបានការពារ កសាង ប្រទេសជាតិ និងកំពុងធ្វើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យបានរីកចម្រើន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់ប្រសើរឡើង៕