(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មារបស់ សម្តេច ។

សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុគម្រប់ ៩០ ឈានចូល ៩១ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន និងមានជន្មាទីឃាយុយឺនយូរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្ដេចអគ្គមហាពញាចក្រី ដែលតែងតែបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ចូលរួមយ៉ាងសកម្មអង់អាចក្លាហានក្នុងការតស៊ូ ជម្នះគ្រប់ឧបសគ្គរំដោះជាតិ មាតុភូមិ និងបន្តដឹកនាំការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស នាំមកនូវភាពសុខដុមរមនាជូនប្រជាជនកម្ពុជា បានរស់នៅដោយសេចក្តីសុខក្សេមក្សាន្ត គួរជាទីមោទនក្រៃលែងស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទន្ទឹមនឹងនេះ សម្ដេចអគ្គមហាពញាចក្រី បានបន្សល់ទុកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងសមិទ្ធផលជាច្រើនអនេក ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេស នៅក្នុងការលើកកម្ពស់ស្មារតីពង្រឹងនីតិរដ្ឋ ការគោរពច្បាប់រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក្រោមម្លប់នៃសុខសន្តិភាព ជារៀងដរាបតទៅ។

ក្នុងទិវាដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំបីបាច់ថែរក្សា សម្ដេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន៖