(ភ្នំពេញ)៖ កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ។

គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។

សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នឹងប្តេជ្ញាចិត្តអនុវត្តច្បាប់ឱ្យបានម៉ឹងមាត់បំផុត ដើម្បីលុបបំបាត់ការបរបាញ់សត្វព្រៃ និងការដាក់អន្ទាក់ក្នុងតំបន់ការពារជាតិធម្មជាតិ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ មុននឹងការបញ្ជូនសត្វខ្លាធំទាំង៤ក្បាល ឱ្យមករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។ ដើម្បីធានាពីសុវត្ថិភាពរបស់សត្វខ្លាធំ ពីការលួចបរបាញ់ និងធ្វើយ៉ាងណាឱ្យព្រៃធម្មជាតិកម្ពុជា ក្លាយជាជម្រកមួយដ៏សុខសាន្តរបស់សត្វខ្លា ព្រមទាំងសត្វព្រៃគ្រប់ប្រភេទ។

លោក ជា សំអាង បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានគិតគូរយ៉ាងម៉ត់ចត់ពីផលលំបាកដែលកើតដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញជួរភ្នំក្រវាញ ដែលជាទីតាំងលែងសត្វខ្លាធំ។ ដូច្នេះ មុននឹងលែងចូលព្រៃធម្មជាតិ ក្រសួងបរិស្ថាន រួមជាមួយអ្នកជំនាញ បានរៀបចំប្រព័ន្ធការងារតាមដានចលនារបស់សត្វខ្លា ដើម្បីធានាដល់សុវត្ថិភាពរបស់សត្វខ្លា និងប្រជាពលរដ្ឋជាដើម។

លោក អា សំអាង បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះជាជំហានទី១ យើងនឹងមានបន្តផែនការងារនេះបន្ថែមទៀត ព្រោះនៅតំបន់ជួរភ្នំក្រវាញនេះ អាចមានលទ្ធភាពពង្រីកដងស៉ីតេរបស់សត្វខ្លាអាចលើស១០០ក្បាល។ នៅពេលជោគជ័យនៃកម្មវិធីស្តារសត្វខ្លា គឺជាជោគជ័យមួយ នៃការអភិរក្សជីវចម្រុះ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៉ី នៅតំបន់ជួរភ្នំក្រវាញ មានស្ថេរភាព ហើយយើងនឹងប្រែក្លាយតំបន់ជួរភ្នំក្រវាញនេះ ទៅជាតំបន់មួយប្រកបដោយសក្តានុពលនៃកន្លែងកម្សាន្តអ្នកទេសចរ»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បង្ហាញក្តីសង្ឃឹមថាតាមរយៈបណ្តាលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តផ្សព្វផ្សាយពីសារៈសំខាន់នៃវត្តមានសត្វខ្លាធំនៅកម្ពុជា ឱ្យប្រជាពលរដ្ឋ និងសាធារណជនជាដើម។

«នៅក្នុងអាណត្តិលោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា សត្វខ្លាធំនឹងបង្ហាញវត្តមាននៅក្នុងព្រៃជួរភ្នំក្រវាញ របស់កម្ពុជា ហើយសត្វខ្លាធំនឹងមាននិរន្តភាព ជារៀងរហូតតទៅ និងអាចពង្រីកទៅតំបន់ផ្សេងៗទៀត»។ នេះជាការបង្ហាញជំនឿជឿជាក់បន្ថែមរបស់លោក ជា សំអាង។

បើតាមលោកបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីការចុះហត្ថលេខានាំសត្វខ្លាធំពីឥណ្ឌា មកកាន់ប្រទេសកម្ពុជា អ្នកជំនាញរបស់ឥណ្ឌា នឹងបន្តជួយលើផ្នែកបច្ចេកទេស ជាពិសេសការលើកកម្កើងសមត្ថភាពមន្ត្រីចំពោះកិច្ចការងារថែរក្សា និងអភិរក្សសត្វខ្លាធំ ហ្វឹកហ្វឺ​នពេទ្យសត្វ ជាដើម។

បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូតឥណ្ឌា បានបន្តថា បន្ទាប់ពីការផ្តល់សត្វខ្លាធំចំនួន ៤ក្បាល ក្នុងជំហានកាលទី១ ទទួលបានជោគជ័យ រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏នឹងពិចារណាក្នុងការផ្តល់បន្ថែមទៀតរហូត១១ក្បាល។

ដោយឡែកកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើកសត្វខ្លា ការតាម ដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិដល់ចំនួន៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា «អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧លានហិកតា ក្នុងគោលបំណងការពារ និងអភិរក្សព្រៃ រងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ»

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

ខ្លាធំ ត្រូវបានចាត់ទុកជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាមាននៅសេសសល់កម្របំផុតនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ ប្រភេទនេះបានរកឃើញនៅប្រទេស បង់ក្លាដេស ឥណ្ឌា តំបន់ភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួននៃប្រភេទនេះបានផុតពូជនៅកោះបាលី ចាវា និងប្រទេសសិង្ហបុរី ហើយចំពោះវត្តមានតំបន់ផ្សេងៗទៀតកំពុងតែថយចុះយ៉ាងខ្លាំង និងត្រូវបានចាត់ក្នុងក្រុមប្រភេទជិតផុតពូជក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ៕