(កំពង់ធំ)៖ លោក ឃឹង នុភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ អញ្ជើញជាអធិបតីដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកខណ្ឌនៅស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក និងមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងចុះមូលដ្ឋានឃុំទាំង០៥ នៃស្រុកប្រាសាទសំបូរ លោកប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការគណបក្សស្រុកប្រាសាទសំបូរ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត និងមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។

លោក ឃឹង នុភាព បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងចុះមូលដ្ឋានឃុំទាំង០៥ គណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ បេក្ខជនក្រុមប្រឹក្សាស្រុក និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគ ជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើង។ ហើយការបោះឆ្នោតនេះដែលគឺកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់គឺជាអ្នកតំណាងរបស់ ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

លោកបានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំស្រុក សាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន៕