(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានអចិន្ត្រៃយ៍នៃគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកល្វាឯម និងក្រុងអរិយក្សត្រ។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកនេះដែរក៏មានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៥៨០នាក់។

នាឱកាសនោះលោក គង់ វិបុល បានក្រើនរំលឹកដល់លោក លោកស្រី ដែលជាប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សា មកពីគ្រប់ឃុំសង្កាត់ សូមត្រៀមលក្ខណសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា សំដៅធានាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោក គង់ វិបុល បានបន្តទៀតថា ការសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការបានការពារ កសាងប្រទេសជាតិ និងកំពុងធ្វើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យបានរីកចម្រើន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់ប្រសើរឡើងបន្ថែមទៀត៕