(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ អញ្ជើញជាអធិបតីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ តំណាងគណៈកម្មាធិការគណបក្សរាជធានី បេក្ខជនក្រុមប្រឹក្សារាជធានី សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ បេក្ខជនក្រុមប្រឹក្សាខណ្ឌ សមាជិកគណៈកម្មាធិការគណបក្សសង្កាត់ អង្គបោះឆ្នោត (សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់) ថ្នាក់ដឹកនាំសាខាបក្សភូមិ-ក្រុមបក្ស អង្គការមហាជន ថ្នាក់ខណ្ឌ-សង្កាត់ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន។

នាឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សខណ្ឌ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ទាំងអស់ នៃខណ្ឌឫស្សីកែវ ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើន នៅទូទាំងខណ្ឌ និងសង្កាត់ ដោយបានជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់សំដៅបម្រើផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សសង្កាត់ របស់យើងទាំងអស់ ឈានទៅអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ របស់គណបក្សឆ្នាំ២០២២-២០២៧ទទួលបានជោគជ័យ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត អំពាវនាវដល់សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ដែល ជាអង្គបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះកុំបីខាន គឺលេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃ មេឃ និងលេខរៀងទី៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលមានសន្លឹកឆ្នោតពណ៌ស។

លោកក៏បានអំពាវនាវដល់អង្គពិធីទាំងមូល ចូលរួមគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តគម្រោងនេះឱ្យសម្រេចនាខាងមុខ ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុង មុខតំណែងសរុប ចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖
ទី១៖ គណបក្ស ប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្ស កម្លាំង ជាតិ
ទី៤៖ គណបក្ស ហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្ស ខ្មែររួបរួមជាតិ៕