(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃ ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្ដុង្គឧត្តមថ្លៃថ្លាបំផុតប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា នៃពិធីចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាពញាចក្រី គម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្ដេច សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សអធិកអធមក្រៃលែងបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពរបស់ សម្តេចដែលជាឥស្សរជននយោបាយដ៏ឆ្នើម ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយភាពប៉ិនប្រសប់ក្នុងការរួមចំណែកដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាងនេះទៀត ក្នុងអាណត្តិនៃការដឹកនាំរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានទទួលជោគជ័យដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដូចជាការដឹកនាំការអនុម័តច្បាប់ និងបទដ្ឋានគតិយុត្តិនានាព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ជាការពិត សម្តេច ជាឥស្សរជនកំពូលជាតិមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទិ្ធមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតមក។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្រ និងការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕