(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត គម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺថ្លាវាងវៃ និងចម្រើនជន្មាយុយឺនយូរ ដើម្បីសម្ដេចមានលទ្ធភាពពេញលេញ ក្នុងការរួមចំណែកដឹកនាំមាតុភូមិកម្ពុជាដ៏បវរនៃយើង ប្រកបដោយវឌ្ឍនភាពឥតឈប់ឈរលើគ្រប់វិស័យ។

ឆ្លៀតនៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវសមានចិត្តគោរពកោតស្ញប់ស្ញែង ជាអនេកប្បការជូនចំពោះ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឥស្សរជននយោបាយប្រកបដោយលក្ខណសម្បត្តិល្អឆ្នើម និងជានិច្ចកាលសម្ដេចតែងតែយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ស្នេហាជាតិតស៊ូលះបង់ និងធ្វើពលិកម្មដ៏មោះមុតរួមចំណែករំដោះប្រទេសជាតិ ពង្រឹងនិរន្តរភាពនីតិរដ្ឋអភិវឌ្ឍសង្គម ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិបតេយ្យភាពបូរណភាពដែនដី ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានស្ថិតស្ថិរគង់វង្សជារៀងរហូតមក។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងភរិយា»៕