(ភ្នំពេញ)៖ គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៣អាណត្តិរួចហើយ ខណៈនៅឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ៤ ធ្វើឡើងរៀងរាល់៥ ឆ្នាំ ម្តង ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

តោះមកដឹងពីសំណើរការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិនីមួយៗដូចខាងក្រោម៖

*ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ បានចាប់ផ្តើមឆ្នាំ២០០៩ កាលណោះមានរាជធានី ខេត្តចំនួន២៤ មានក្រុង ស្រុក ខណ្ឌ ចំនួន១៩៤ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន៣៧៤ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន២,៨៥០នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១,៣៥៣នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១,៣៤៩នាក់ ស្មើនឹង ៩៩,៩៦ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៥៦៦អាសនៈ
ទី២៖ គណបក្ស សម រង្ស៉ី ទទួលបាន ៥៨៣អាសនៈ
ទី៣៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ៦១អាសនៈ
និងទី៤៖ គណបក្សនរោត្តម ឫទ្ធិ ទទួលលបាន ៤៤អាសនៈ។

*ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ធ្វើឡើងនៅឆ្នាំ២០១៤ កាលណោះមានរាជធានី ខេត្តចំនួន២៥ មានក្រុង ស្រុក ខណ្ឌ ចំនួន១៩៧ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន៣៩៣ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ២,៩៣១នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១,៤៥៩នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១,៤៥៦នាក់ ស្មើនឹង ៩៩,៩៧ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង តែមានគណបក្សនយោបាយចំនួន៤ ប៉ុណ្ណោះទទួលបានអាសនៈ គាំទ្ររួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៥៤០អាសនៈ
ទី២៖ គណបក្សសង្គ្រោះជាតិ ទទួលបាន ៧៦៥អាសនៈ
ទី៣៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ១៨អាសនៈ
និងទី៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលលបាន ១អាសនៈ។

*ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ធ្វើឡើងនៅឆ្នាំ២០១៩ កាលណោះមានរាជធានី ខេត្តចំនួន២៥ មានក្រុង ស្រុក ខណ្ឌ ចំនួន២០៣ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន៥៥៩ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ៣,៥៥៥នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១,៥៧២នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១,៥៦៥នាក់ ស្មើនឹង ៩៩,៩៤ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ មានគណបក្សនយោបាយចំនួន៧ បានចូលរួមប្រកួតប្រជែង ប៉ុន្តែមានគណបក្សចំនួន ៣ប៉ុណ្ណោះដែលទទួលបានអាសនៈគាំទ្ររួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤,០៣៤អាសនៈ
ទី២៖ គណបក្សខ្មែររួមរួមជាតិ ទទួលបាន ៤៤អាសនៈ
និងទី៣៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ៣៦អាសនៈ។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតអសកលនេះ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះនឹងធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែងសរុបចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។

គួរឱ្យដឹងថា ការបោះឆ្នោតអសកលត្រូវបានរៀបចំឡើងដោយ គ.ជ.ប ប្រព្រឹត្តទៅបានចំនួន ១០លើករួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៤លើក ចាប់តាំងពីឆ្នាំ២០០៦ នៃនីតិកាលទី២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៦លើក។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កន្លងមកដែលគ.ជ.ប បានរៀបចំ មានដូចខាងក្រោម៖

*អាណត្តិទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩
*ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១
*អាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
*អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
*ក្រុមប្រឹក្សាក្រុងបូកគោ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
*ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
*សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖

ទី១៖ គណបក្ស ប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្សកម្លាំង ជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕