(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាង ២.៦០០នាក់ មកពី ស្រុក ក្រុងទាំង៨ របស់ខេត្ត និងបានជួបជុំគ្នានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីនេះសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរព ច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តបានយ៉ាងរលូន។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត ​សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តដែលជាអង្គបោះឆ្នោតសូមមេត្តាគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៤ ដើម្បីបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍន៍។

យោងតាមលទ្ធផលផ្លូវការ នៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀប ចំការ បោះឆ្នោតនៅទូទាំងប្រទេស មានក្រុងស្រុកខណ្ឌចំនួន២០៩ ឃុំ-សង្កាត់១៦៥២ ការិយាល័យបោះឆ្នោត២០៩ អង្គបោះឆ្នោត ១១.៦២២នាក់ (ស្ត្រី២.៥៧៤នាក់) ដោយឡែកសម្រាប់ខេត្តស្វាយរៀង មាន៨ក្រុងស្រុក៨០ ឃុំសង្កាត់សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី១៣០នាក់៕