(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន តំណាងលោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែឧស ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុងស្ទឹងសែន, បេក្ខជនឈរឈ្មោះបោះឆ្នោត, អង្គបោះឆ្នោត និងសកម្មជនគណបក្សប្រមាណ ១,៥០០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ក្នុងនាមលោក វង្សី វិស្សុត និងលោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, លោក ងួន រតនៈ បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង និងមន្ត្រីបក្សទាំងអស់ ដែលបាននិងកំពុងសកម្មប្រឹងប្រែងចូលរួមក្នុងចលនាយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ពេលវេលា សំដៅសម្រេចឱ្យបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ងួន រតនៈ បានលើកឡើងថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់, មាន សមត្ថភាព, បទពិសោធ និងសីលធម៌ ដើម្បីចូលរួមដឹកនាំខេត្ត និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើន។ ក្នុងន័យនេះ សូមអង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងដើម្បីសង្គមជាតិទាំងមូល។

នៅក្នុងឱកាសនោះដែរ លោក ងួន រតនៈ ក៏បានប្រគល់នូវសេចក្តីសម្រេចបញ្ចូលលោក ណៃ ស៊ីណេង ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសាមីខ្លួនបានចេញមុខសូមទោសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ហើយសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមលោក វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, លោក អេង ទូច បានសំដែងនូវការអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់លោក ណៃ ស៊ីណេង និងសូមលោករួមគ្នាជាកម្លាំង ចូលរួមការពារសនិ្តភាព និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាដើម្បីចូលប្រឆាំងក្រុមអ្នកនយោបាយជ្រុលនិយម និងជនអគតិទាំងឡាយ ដែលមានមហិច្ឆតាញុះញុង់ចង់បំផ្លាញសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជន៕