(ប៉េកាំង)៖ ប្រតិភូកម្ពុជាចំនួន២៥ រូប ដែលជាបណ្តាញសង្គមស៊ីវិលកម្ពុជា តំណាងក្រសួង ចំនួន៣ និងអ្នកសិក្សាមកពី ២៥ រាជធានី-ខេត្ត បានចូលរួមក្នុងកម្មវិធីទស្សនកិច្ច នៅរដ្ឋធានីប៉េកាំង និងតំបន់សំខាន់ៗមួយចំនួនទៀត ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៥-២២ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធីនេះ ដឹកនាំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងរៀបចំដោយបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិន សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (CNIE) ក្នុងគោលបំណងជំរុញចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរ។

គណៈប្រតិភូកម្ពុជាបានទៅទស្សនកិច្ចកន្លែងជាច្រើន នៅរដ្ឋធានីប៉េកាំង នៅខេត្តហឺណាន (ដូចជា ភូមិ Huanggusi, សួនច្នៃប្រឌិតនៅក្រុង Zhenzhou, វត្ត Shaolin, ភូមិ Yangjiamen, ភូមិ Yanlu Kungfu និង ផ្សារបោះដុំ Henan Wanbang Logistics Hub) និងនៅខេត្ត Fujian (មាន បឹង Yundang និងបណ្ឌិត្យសភា, សាលតាំងពិព័រណ៍ផែនការអភិវឌ្ឍន៍ក្រុង Xiamen, កោះ Gulangyu និងសួនអេកូឡូស៊ីឆ្នេរខ្សាច់ដើមកោងកាង Xiantanwei) និងបានចូលរួមវេទិកាផ្សេងៗ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរការសិក្សា និងការជជែកពិភាក្សាលើភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលចិន និងសង្គមស៊ីវិលកម្ពុជា។

កម្មវិធីផ្លាស់ប្តូរនេះ គឺជាការឆ្លុះបញ្ចាំង និងពង្រឹង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤» ដែលជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទំនាក់ទំនងប្រកបដោយភាពសុខដុមរវាងប្រជាជាតិទាំងពីរនេះកើតមានតាំងពីសម័យនគរភ្នំ (បច្ចុប្បន្នស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលធ្លាប់ជាច្រកវប្បធម៌ និងពាណិជ្ជកម្មក្នុងសម័យបុរាណ) និងអាណាចក្រខ្មែរក្នុងសម័យអង្គរ។ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្តេច នរោត្តម សីហនុ និងក្រោមការដឹកនាំរយៈពេល៣០ឆ្នាំ ប្រកបដោយភាពឈ្លាសវៃរបស់ អតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ប្រជាជាតិទាំងពីរបានឈានចូលយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានក្លាយជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលថ្មីចំនួនបីរបស់ប្រធានាធិបតី ស៊ី ជីនពីង (គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល GDI, គំនិតផ្តួចផ្តើមសន្តិសុខសកល GSI និងគំនិតផ្តួចផ្តើមអរិយធម៌សកល GCI)។

ការគាំទ្រយ៉ាងពេញទំហឹងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោន» បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលថ្មី ក្នុងការបន្តកេរដំណែលរបស់សម្តេចតេជោ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខ ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់នេះ។

កត្តាសំខាន់មួយដែលរួមចំណែកដល់ភាពជោគជ័យនៃទំនាក់ទំនងនេះគឺតម្លៃរួមគ្នារវាងប្រជាជាតិទាំងពីរ។ កម្ពុជា និងចិនបង្ហាញនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះបានរួមគ្នាបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់មិត្តភាពរបស់ប្រទេសទាំងពីរ។ ចំណុចស្នូលនៃប្រព័ន្ធតម្លៃរួមនេះ គឺការប្តេជ្ញាចិត្តក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមកដោយសមភាព។ ទំនុកចិត្ត និងជំនឿចិត្តរវាងប្រជាជាតិទាំងពីរនេះ គឺជាកត្តាសំខាន់នៃមូលដ្ឋានសម្រាប់ទំនាក់ទំនងទ្វេភាគី។

នាពេលខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ និងលើកកម្ពស់ទំនាក់ទំនងនេះឱ្យកាន់តែខ្ពស់ឡើងមួយកម្រិតទៀត។ ជាផ្នែកមួយនៃការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងប្រទេសចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការដៃគូជាមួយបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិន សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (CNIE) ហើយបានចូលរួមយ៉ាងទូលំទូលាយលើគម្រោងទាំងរយៈពេលខ្លី និងរយៈពេលវែងចាប់តាំងពីឆ្នាំ ២០១៧ ដូចជា ការសាងសង់អគារសិក្សា ការជីកអណ្តូងទឹក ការផ្តល់សម្ភារៈសិក្សា ការចាក់វ៉ាក់សាំង សម្ភារៈបរិក្ខារសម្រាប់ប្រឆាំងជំងឺកូវីដ-១៩ និងការគាំទ្រគំនិតផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រជាច្រើនទៀត។ ដំណើរទស្សនកិច្ចផ្លាស់ប្តូរនាខែឧសភា ឆ្នាំ២០២៤ គឺជាការចាប់ផ្ដើមនូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៃការពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកផ្សាភ្ជាប់បេះដូងរបស់ប្រជាជនទាំងពីរ តាមរយៈគម្រោងរយៈពេលវែងជាច្រើន រួមមានការលើកកម្ពស់ជីវភាពរស់នៅ ការផ្សារភ្ជាប់ផលិតផលកសិកម្ម ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងការកសាងសមត្ថភាព កម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិលើការស្រាវជ្រាវ ការលើកកម្ពស់សុខភាព និងការអប់រំ ទេសចរណ៍ និងកម្មវិធីផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌។ រហូតមកដល់បច្ចុប្បន្ន វ.ស.ស. បាននិងកំពុងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន តាមរយៈបណ្តាញអង្គការសង្គមស៊ីវិល នៅទីទាំង ២៥ រាជធានី-ខេត្ត។ “ប្រជាជាតិពីរមានបេះដូងតែមួយ” (សំដៅលើការបង្ហាញការគោរពគ្នាទៅវិញទៅមកចំពោះវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ ហើយការគោរពគ្នាទៅវិញទៅមកដោយស្មើភាពរវាងប្រទេសចិន និងកម្ពុជា) បានបង្ហាញនូវគំរូដ៏ល្អមួយ សម្រាប់ការពង្រឹងចំណងមិត្តភាពប្រជាជនរបស់ប្រទេសទាំងពីរ៕