(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាគណៈអធិបតី ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងគូសសន្លឹកឆ្នោតសាកល្បង នៅស្រុកតាំងគោក។

ពិធីនេះបានធ្វើឡើងនៅវត្តថ្លា និងមានការចូលរួមពី លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក លោកប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការគណបក្សស្រុកតាំងគោក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត និងមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថាការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:០០ព្រឹក រហូតដល់ម៉ោង ០៣:០០រសៀល នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក។ នៅស្រុកតាំងគោក អង្គបោះឆ្នោតមានចំនួន ៦០នាក់ ក្នុងនោះ អង្គបោះឆ្នោតដែលជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៤នាក់ ហើយក្រៅពីនោះជាមន្ត្រីគណបក្សដទៃ។ សម្រាប់ស្រុកតាំងគោក មាន ០១ការិយាល័យបោះឆ្នោត ដែលក្នុងការិយាល័យបោះឆ្នោតនេះ មានហិបឆ្នោតចំនួន២ គឺហិបឆ្នោត១ សម្រាប់បោះឆ្នោតក្រុមប្រឹក្សាខេត្ត ដែលមានលេខសម្គាល់ការិយាល័យលេខ០០៦ និងហិបឆ្នោតមួយទៀតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាស្រុក ដែលមានលេខសម្គាល់ការិយាល័យ០០៩។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, លោកបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ គណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ បេក្ខជនក្រុមប្រឹក្សាស្រុក និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារៈ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុងឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំស្រុក និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។

គណបក្សប្រជាជន បានសម្រិតសម្រាំងរកបានរួចហើយ និងសង្ឃឹមថា អង្គបោះឆ្នោតដែលជាមន្ត្រីបក្សនៅមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត គូសសន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតរបស់គណបក្ស​ប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដែលសន្លឹកឆ្នោត សម្រាប់ក្រុមប្រឹក្សាខេត្តកំពង់ធំមានលេខរៀងទី១ និងសន្លឹកឆ្នោតក្រុមប្រឹក្សាស្រុកតាំងគោកមានលេខរៀងទី៥។ គណបក្សបានកំណត់ទិសដៅ «សមាជិកបក្ស ឬមន្ត្រីបក្ស១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»។

ជាមួយគ្នានោះ លោកបណ្ឌិត ថោង ខុន ក៏បានរម្លឹកដល់អង្គនោះឆ្នោតដែរថា សន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១ និងសន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាស្រុកតាំងគោករបស់គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី៥ មានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត និងសូមគូសសញ្ញាគាំទ្រតែមួយនៅក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សប្រជាជនកម្ពុជា និងសូមយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬប័ណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំទៅបោះឆ្នោតទាំងអស់គ្នា ទៅបោះឆ្នោតនៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ក្រុមប្រឹក្សាខេត្តលេខរៀងទី១ និងក្រុមប្រឹក្សាស្រុកតាំងគោកលេខរៀងទី៥៕