(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បាន​អនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់​គម្រោង​មួយ ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ៣៣ ០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

​ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅ​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។ ឥណទាន​នេះ ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង «ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ»​ (Skills for Better Jobs) ដែលធ្វើ​ការ​ពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជក ឲ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។

សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិច ដែល​បានជួយប្រទេសនេះក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨%​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំគឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ។

មាន​រយៈពេលប្រាំឆ្នាំ គម្រោង «ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ»​ នេះ​ត្រូវ​បាន​រៀបចំឡើងដើម្បីជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែលទាមទារឲ្យមានជំនាញកម្រិត​មធ្យមថែម​ទៀត។ គម្រោង​នេះ ​នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «នៅពេល​កម្ពុជាខិតខំ​បោះជំហានឈានឡើង​​នៅ​ក្នុង​​ខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ច​ការ​គន្លឹះមួយ សម្រាប់​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបាន​កាន់​តែល្អ​ទៅនឹងតម្រូវការរបស់និយោជក»

លោក​ស្រីបានថ្លែងទៀតថា «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបាន​ទៅ​នឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅ​សម្រេចគោលបំណងរបស់ខ្លួនបាន»

លទ្ធផលរំពឹងទុកសំខាន់ៗនៃគម្រោងនេះរួមមាន៖
* និយោជកមានការពេញចិត្ត​ជាងមុន​ជាមួយនឹងជំនាញរបស់អ្នក​ដែល​បាន​បញ្ចប់ការបណ្តុះ​បណ្តាល​របស់​កម្មវិធី;
* ការកើនឡើងនៃភាគចំណែក​របស់​អ្នក​បញ្ចប់ការសិក្សាដែលរកបាន​ការងារដែលផ្តល់​ប្រាក់ឈ្នួលក្នុង​កម្រិត​​ខ្ពស់​ជាងប្រាក់ឈ្នួលមធ្យមជាតិ;
* លើកកម្ពស់មតិយោបល់​របស់ឧស្សាហកម្មនានា​នៅ​ក្នុងការរចនា និងការផ្តល់ការបណ្តុះបណ្តាល និងការសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក;
* លើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និង
* ការបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ៕