(ភ្នំពេញ)៖ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដោយទទួលបានការគាំទ្រពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត៍ និងសហគ្រិនខ្មែរ (KE) បានរៀបចំកម្មវិធីបង្ហាញឱកាសវិនិយោគ “IDI Investment Roadshow” កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។

ព្រឹត្តិការណ៍រៀបចំរៀងរាល់ពីរខែម្តងនេះបានផ្តល់វេទិកាមួយសម្រាប់វិនិយោគិន និងសហគ្រិនក្នុងការចូលរួម ស្វែងរកឱកាសវិនិយោគ ចែករំលែកចំណេះដឹង និងពង្រីកបណ្តាញទំនាក់ទំនងដែលមានអ្នកចូលរួមជាង១៤០នាក់ ដែលរួមមានសមាជិក IDI ដៃគូសាជីវកម្ម ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម វិនិយោគិនក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើន។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC មានប្រសាសន៍ថា៖ «កម្មវិធី IDI Investment Roadshow ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងបង្កើនកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ»

លោកបណ្ឌិតបានបន្ថែមទៀតថា៖ «យើងមានសេចក្តីរំភើបក្នុងការនាំយកថ្នាក់ដឹកនាំ និងម្ចាស់សហគ្រាសជាច្រើន ដែលមានចក្ខុវិស័យរួមគ្នា ដើម្បីស្វែងយល់ និងទាញយកប្រយោជន៍ពីឱកាសវិនិយោគដែលអាចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»

ក្នុងនោះផងដែរសហគ្រិនឆ្នើមក្នុងវិស័យនីមួយៗបានធ្វើការចែករំលែកនូវប្រធានបទដែលមានសារៈសំខាន់ៗដូចជា៖

-លោក ប៊ិន សុជាតិ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Pymed Technologies ស្តីពីប្រព័ន្ធថែទាំសុខភាពកម្រិតខ្ពស់
-លោក Jerome Schokman អនុប្រធានផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Liberty EB-5 បកស្រាយស្តីពីការវិនិយោគនៅសហរដ្ឋអាមេរិក
-លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tutor Impact UK និងសាលាអន្តរជាតិ Shrewsbury International Phnom Penh ស្តីពីអន្តោប្រវេសន៍ និងរស់នៅចក្រភពអង់គ្លេស
-លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Royal Trust Trading លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម
-លោកស្រី អ៉ិន ឡៃហួត ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្តីពីការជួយស្ត្រីក្នុងមូលដ្ឋានតាមរយៈការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទី
-លោក ឡាយ គីរី ស្ថាបនិកក្រុមហ៊ុន Rean AI ស្តីពីតួនាទី និងការជួយជ្រោមជ្រែងរបស់ Artificial Intelligence (AI) ក្នុងប្រតិបត្តិការអាជីវកម្ម។

ក្នុងរបៀបវារៈដ៏សំខាន់មួយស្តីអំពីការចែករំលែកចំណេះដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចែករំលែកអំពីបញ្ហាប្រឈម និងឱកាស នៅក្នុងវិស័យកសិកម្ម និងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យកសិកម្មកម្ពុជា។

ក្នុងសុន្ទរកថាបិទកម្មវិធីលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ (KE) បានសាទរចំពោះ IDI ក្នុងការរៀបចំ និងការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ ក្នុងការប្រមូលផ្តុំដៃគូពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងវិនិយោគ ដើម្បីផ្លាស់ប្តូរទស្សនៈ ធ្វើបទបង្ហាញអំពីគម្រោង និងបង្កើតទំនាក់ទំនង។ ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា សហគ្រាសខ្មែរ នឹងបន្តគាំទ្រកម្មវិធី IDI Investment Roadshows នាពេលខាងមុខ។

ក្នុងព្រឹត្តិការណ៍នោះផងដែរសមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ក៏បានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU) ជាមួយស្ថាប័នចំនួនបួន រួមមាន សហគ្រិនខ្មែរ, ក្រុមហ៊ុន Liberty EB-5, ក្រុមហ៊ុន PTM Travel and Tour, និងក្រុមហ៊ុន Trigger Asset Management ដោយបង្ហាញពីឆន្ទៈ និងស្មារតីសហការ ក្នុងការគាំទ្រដល់សហគ្រិន អាជីវកម្ម វិនិយោគិន សហគ្រាសធុនតូច និងមធ្យម និងដៃគូសាជីវកម្មនានា។

កម្មវិធី IDI Investment Roadshow លើកទី៣ នឹងគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០២៤ ដោយមានសកម្មភាពដ៏មានសារៈសំខាន់ជាច្រើនផ្សេងទៀតផងដែរ។ សូមរង់ចាំតាមដានព័ត៌មានលម្អិត និងចុះឈ្មោះចូលរួមនាពេលឆាប់ៗខាងមុខ! ចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!៕