(ភ្នំពេញ)៖ លួចរថយន្តបាន៣ថ្ងៃនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យប្រុស និងស្រីចំនួន៥នាក់ យកមកចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីបាត់រថយន្តនេះ បានកើតឡើងកាលពីម៉ោង២៖២៤នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខណៈដែលបុរសម្នាក់បានយករថយន្តរបស់ខ្លួន១គ្រឿងខាងលើ ទៅផ្ញើទុកនៅមុខផ្ទះគេ រួចក៏ចូលទៅសម្រាកនៅក្នុងផ្ទះរបស់ខ្លួនហើយបានលង់លក់រហូតដល់ភ្លឺ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ពេលភ្ញាក់ពីដំណេកបានដើរទៅយករថយន្ត ទៅដឹកអីវ៉ាន់រោងចក្រ ស្រាប់តែបាត់រថយន្តតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលរត់ទៅប្ដឹងឲ្យនគរបាលជួយ។

រថយន្តខាងលើម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AC-5435 ម្ចាស់រថយន្តឈ្មោះ ឡឹង សេរីវុធ អាយុ២៩ឆ្នាំ មុខរបរដឹកសម្ភាររោងចក្រ មានទីលំនៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងចាត់ការតាមផ្លូវច្បាប់៕