(ព្រះវិហារ)៖ លោក សាន វិសាល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ ជាស្ថាពររយៈពេលធានា សុពលភាព ការងារស្ថាបនាលូប្រអប់មុខបួន ២កន្លែង, លូប្រអប់មុខបី ១កន្លែង, លូប្រអប់មុខពីរ ៤កន្លែង, លូមូលមុខបី ១កន្លែង, និងលូមូលមុខពីរ ២កន្លែង ស្ថិតនៅភូមិអូរ ឃុំរបៀប ទៅភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ លឹម ចាន់ឬទ្ធី នាយករងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពាជាតិ បានឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ និងជួយសម្រួលដល់ សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនជាដើម ជាពិសេសនារដូវទឹកឡើង ដើម្បីបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានាដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មានសិក្សាធិការជាដើម, ជាក់ស្តែងការងារស្ថាបនាលូទាំងនេះ បានអនុវត្តសម្រេចបានលទ្ធផល ១០០ភាគរយ។

នាឱកាសនោះ លោក សាន វិសាល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនា បញ្ចប់ជាស្ថាពរក្នុងរយៈពេលធានាសុពលភាព និងប្រកបដោយគុណភាព ព្រោះមិនថាផ្លូវ ឬលូឡើយ សុទ្ធតែមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជនបទ ក្រៅពីការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលផ្សេងៗ ការអភិវឌ្ឍន៍ជនបទ គឺជាការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ដោយមានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជាឲ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ សម្រាប់នីតិកាលទី៧​ ឱ្យស្របទៅនឹងកម្មវិធីនយោបាយយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕