(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពស្ថានភាពសកម្មភាពមីន នៅកម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការសកម្មភាពមីនខេត្ត (ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន (ម៉ាពូ)។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់អង្គប្រជុំថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី បានធ្វើការប្តេជ្ញាចិត្តខ្ពស់ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម» (Toward a Mine/ERW-Impact-Free Cambodia)។

រាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងដោះស្រាយផលប៉ះពាល់រយៈពេលវែង ដែលបង្កដោយមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម រួមមាន កិច្ចសង្គ្រោះជនរងគ្រោះ ការជួយដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរងការធ្វើបម្លាស់ទី និងការស្តារសេដ្ឋកិច្ច-សង្គម ក្នុងតំបន់ដែលធ្លាប់រងការគំរាមកំហែងដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម។

ទេសរដ្ឋមន្រ្តី បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តអនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ក្នុងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍជាតិ។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែធ្វើការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាយកចិត្តទុកដាក់ និងចាត់ទុកការងារបោសសម្អាតមីន ជាការងារអាទិភាពមួយរបស់ខ្លួន។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានី-ខេត្ត ដែលតែងតែផ្តល់នូវការដឹកនាំ សហការ និងសម្របសម្រួលសកម្មភាពមីននៅតាមភូមិសាស្រ្តរបស់ខ្លួន ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជំរុញឱ្យការបោសសម្អាតមីន/គ្រាប់ទទួលបានជោគជ័យ៕