(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន និងនៅសាធារណរដ្ឋតួកគី។

ទស្សនកិច្ចនៅ​ប្រទេសសំខាន់ទាំងពីរនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៩ ខែឧសភា ហើយបន្ទាប់ពីនោះ ប្រមុខការទូតកម្ពុជា ក៏នឹងបន្តចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ រដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសតួកគី ហើយការអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ វិញនោះ គឺតបតាមការអញ្ជើញរបស់ លោក ចាគីប អាល ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារុក និងលោក ហ្សេហ្រ្វយ រូ ដឺ បេស្សី ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន។

សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អំឡុងទស្សនកិច្ចនៅប្រទេសចិន ដែលធ្វើឡើងពីថ្ងៃទី ២៤ ដល់ ២៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន នឹងមានជំនួបទ្វេរភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញមិត្តភាពដែកថែបដ៏រឹងមាំដែលមានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរឆ្នាំ ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងជួបសម្តែងការគួរសមជាមួយ លោក ហាន ចឹង អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបជាមួយ លោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំនៃ បក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ប្រធានរដ្ឋបាលថាមពលជាតិ ហើយនឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រួមទាំងនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅទីនោះផងដែរ។

ដោយឡែក សម្រាប់ទស្សនកិច្ចនៅប្រទេសតួកគី នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដោយប្រមុខការទូតកម្ពុជា​ នឹងចូលរួមពិសារអាហារថ្ងៃត្រង់ធុរកិច្ច ដែលលោកនឹងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី។ ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី២៨ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគីទាំង ផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិថែមទៀត។ លោក សុខ ចិន្តាសោភា និង លោក ហាកាន់ ហ្វីដាន់ រដ្ឋមន្រ្តីការបរទេសតួកគី នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្ដូរ ទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។ លើលពីនេះថែមទៀត ឯកសារនៃកិច្ចសហប្រតិបត្តិ ការមួយចំនួនត្រូវបានរំពឹងថា នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសតួកគី ឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសំណេះសំណាលជាមួយសហមន៍ខ្មែរ និងនិស្សិត ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជាសក្ខីភាពយ៉ាងច្បាស់ នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើក កម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ នេះ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន និងតួកគី ប្រមុខការទូតកម្ពុជា នឹងទៅកាន់ប្រទេសម៉ារ៉ុកពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ដោយលោកនឹងធ្វើបទអន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការ គាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?» ដោយមានការចូលរួមពីឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជន។

នៅប្រទេសម៉ារ៉ុក លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គ លេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អង្គការ OIF ជាពិសេសបេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦៕