(ភ្នំពេញ)៖ មួយករណីទៀតហើយ! សូមបើកបរដោយបង្កើនការប្រុងប្រយ័ត្ននៅពេលឃើញមានផ្លូវដែកឆ្លងកាត់ ខណៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានករណីរថភ្លើង បានបុករថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម១គ្រឿង នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់ខ្សែភ្នំពេញ-បាត់ដំបង ក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ តែសំណាងពុំបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ។

រថយន្តរងគ្រោះម៉ាកតូយ៉ូតាកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង 2A-2329 បើកបរដោយបុរសម្នាក់ឈ្មោះ ឆោ ហុកស៊ីន អាយុ៤១ឆ្នាំ មុខរបរចិញ្ចឹមទា មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បុរសនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលទៅជិតដល់ផ្លូវដែកគាត់មិនបានឃើញរថភ្លើងនោះទេ ហើយរថភ្លើងក៏អត់មានស៊ីផ្លេរផងដែរ ទើបគាត់ពុំបានឈប់ ហើយគ្រាន់តែបើកឡើងឆ្លងផ្លូវដែកភ្លាម ក៏ស្រាប់តែរថភ្លើងបុករថយន្តគាត់ពេញទំហឹងបង្កឲ្យខូចខាតខ្ទេចតែម្ដង។

ម្ចាស់រថយន្តរូបនេះ បាននិយាយទៀតថា ក្រោយពេលកើតហេតុរថភ្លើង បានឈប់ហើយអ្នកបើកបររថភ្លើងនេះបានទៅនិយាយថា «ខ្លួនអត់បានចុចស៊ីផ្លេរ និងបានស្ដីបន្ទោសរូបគាត់ទៀតថា បើបងឯងបើកលឿនជាងនេះបន្តិច ទៅផុតបាត់ហើយ»។ បន្ទាប់មក ក៏បើករថភ្លើងបន្តដំណើរទៅបាត់ ប៉ុន្តែបានទុកតំណាងម្នាក់ឲ្យនៅកន្លែងកើតហេតុ។

ប្រជាពលរដ្ឋបាននិយាយថា នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់នេះមានតែស្លាកសញ្ញា «ឈប់ ឬ STOP» តែប៉ុណ្ណោះ ពុំមានដាក់បារ៉ាស់សម្រាប់ទម្លាក់បិទផ្លូវការពារចរាចរណ៍ ឬមានអ្នកប្រចាំការធ្វើចរាចរណ៍នៅពេល ដែលមានរថភ្លើង ឆ្លងកាត់នោះទេ។

ក្នុងពេលកន្លងមកពេលទៅដល់ជិតកន្លែងនោះរថភ្លើងតែងតែចុចស៊ីផ្លេរយ៉ាងរន្ថើនម្ដងហើយម្ដងទៀត ជាសញ្ញាដើម្បីឲ្យអ្នកដំណើរ​ទូទៅប្រុងប្រយ័ត្ន ឬឈប់ ប៉ុន្តែនៅថ្ងៃកើតហេតុរថភ្លើងអត់ស៊ីផ្លេរសោះ ទើបមានគ្រោះថ្នាក់កើតឡើង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានសុំត្រឹមរួចខ្លួន និងយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។ ប៉ុន្តែខាងភាគីរថភ្លើងមិនព្រម និងបានស្នើសុំឲ្យនគរបាលនាំយករថយន្តទៅរក្សាទុក នៅអធិការនគរបាលខណ្ឌកំបូល រង់ចាំការដោះស្រាយនៅពេលក្រោយ៕