(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងស្តាប់នូវការសំណូមពរផ្សេងៗ ព្រមទាំងជូនថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូន អ៊ំ ពូ មីង។

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកាន់តែមានភាពកក់ក្តៅ ភាពសុខដុមរម្យនា និងការអភិវឌ្ឍន៍ កាន់តែប្រសើរនៅគ្រប់មូលដ្ឋាន។ ដោយឡែក ខេត្តសៀមរាប ដូចពុកម៉ែបងប្អូនបានឃើញស្រាប់ហើយ គឺមានភាពល្អប្រសើរជាលំដាប់។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែង ប្រកបមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឲ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ សម្រាកសម្រានក្នុងមុង ចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក៕