(កំពង់ធំ)៖ ដើម្បីចូលរួមអនុវត្តនៅកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ រាជរដ្ឋាភិបាលបានដាក់ចេញស្តង់ដារសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា ដែលមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំង គឺការថែទាំកុមារតាំងពីតូច។ ជាមួយនឹងកំណែទម្រង់នេះ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កុមារដែលបានរៀនមត្តេយ្យសិក្សានឹងទទួលបានជោគ ជ័យក្នុងការរៀនទាំងក្នុងបឋមសិក្សា មធ្យមសិក្សា និងឈានទៅឧត្តមសិក្សា។

លើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំប្រមាណ១៩០នាក់ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅកម្រិតបឋមសិក្សា ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង គឺជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ស្តង់ដាសាលារៀនគំរូ។

លោកបណ្ឌិតសភាចារ្យ បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ និងអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីនាំកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណឱ្យមានប្រសិទ្ធភាព លោកបណ្ឌិតសភាចារ្យ បានរំលឹកពីចំណុចគន្លឹះចំនួន៤ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញដែលក្នុងនេះរួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
*ទី២៖ ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
*ទី៤៖ ការជំរុញនិងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ជាការឆ្លើយតបក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវការបង្កើតសាលារៀនគំរូ គូសបញ្ជាក់ផងដែរថា សាលារៀនគំរូគឺជាយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីបន្តនូវកំណែទម្រង់វិស័យអប់រំរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នាពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សានិងសៀវភៅសិក្សាគោល ការរៀបចំនឹងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងកំណែទម្រង់ឧត្តមសិក្សា។

ដើម្បីចូលរួមអនុវត្តនៅកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ រាជរដ្ឋាភិបាលក៏បានដាក់ចេញស្តង់ដារសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា ដែលមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំង គឺការថែទាំកុមារតាំងពីតូច និងសារសំខាន់ពីការថែទាំនឹងអាហារូបត្ថម្ភសម្រាប់កុមារក្នុងការលូតលាស់បានល្អ មានអនាម័យល្អ ជាពិសេសអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងអភិវឌ្ឍន៍កុមារបាន គ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះសម្រាប់ការពិនិត្យផ្ទៃពោះ ការសម្រាល និងបន្តចិញ្ចឹមបីបាច់ថែទាំរហូតដល់ដល់អាយុ២ឆ្នាំ ដើម្បីត្រៀមខ្លួនរួចជាស្រេចចូលរៀនថ្នាក់មត្តេយ្យ។

សារជាថ្មីម្តងទៀតលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងនៃពិធីសំណេះសំណាងនេះ ដើម្បីជម្រាបជូនពីអតិភាពរបស់ក្រសួង គឺកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ ប្រលងប្រណាំងប្រកួតប្រជែង ទាំងកម្រិតសាលារៀន និងអ្នកជួយគាំទ្រ ការទទួលស្គាល់ នាយកឆ្នើម គ្រូឆ្នើម និងការបង្កើន ចូលទៅក្នុងកំណែទម្រង់មុខងារសាធារណៈ៕