(ភ្នំពេញ)៖ យ៉ាងហោចមានស្ថាប័នចំនួន៥របស់ភាគីចិន បានសហការគ្នានាំយកសក្ដានុពលចម្រុះវិស័យ និងរូបភាព៩០ផ្ទាំងដែលពីបង្ហាញទស្សនិយភាពនៅទីក្រុងនីងប៉ (Ningbo) ខេត្តជឺជាំង (Zhejiang) មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍រូបថត «កាលានុវត្តភាពប្រទេសចិន រួមដំណើរជាមួយនីងប៉ ការតាំងពិព័រណ៍សហគ្រាសរាប់រយក្រុមហ៊ុន និងទំនិញរាប់រយមុខ» ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិងចិន ពិសេសលើវិស័យវប្បធម៌ ទេសចរណ៍ ព័ត៌មាន ពាណិជ្ជកម្ម ធុរកិច្ចជាដើម។

ពិធីបើកពិព័រណ៍រូបថតនេះត្រូវបានរៀបចំឡើងនៅបរិវេណរោងចក្រ Seduno ស្ថិតនៅស្រុកទន្លេបាទី​ ខេត្តតាកែវ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានណែនាំដោយមន្ទីរទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតចិនប្រចាំកម្ពុជា។ ពិព័រណ៍រូបថតនេះដែររៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយនៅបរទេសនៃរដ្ឋបាលក្រុងនីងប៉ មជ្ឈមណ្ឌលផ្សព្វផ្សាយអឺរ៉ុបកណ្ដាលនិងខាងកើត និងអាស៊ីកណ្ដាលនិងខាងត្បូង នៃសារព័ត៌មានរូបភាពប្រជាជន មន្ទីរទំនាក់ទំនងអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន សភាពាណិជ្ជកម្មក្រុងនីងប៉ប្រចាំកម្ពុជា សហការជាមួយសារព័ត៌មានអាស៊ានថប់។

លោក ប៉ាវ លីងហ្វ៊ូ (Bao Linfu) អនុប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយអឺរ៉ុបកណ្ដាលនិងខាងកើត និងអាស៊ីកណ្ដាលនិងខាងត្បូង នៃសារព័ត៌មានរូបភាពប្រជាជន បានឱ្យដឹងថា គណៈរៀបចំពិព័រណ៍នេះបានជ្រើសរើសរូបភាពដ៏ស្រស់ស្អាតចំនួន៩០ផ្ទាំង ដែលបានពីការប្រើប្រាស់សិល្បពន្លឺនិងស្រមោល ដើម្បីស្ដែងឱ្យឃើញនូវរឿងនិទានចិន រឿងនិទានជឺជាំង រឿងនិទាននីងប៉ និងអាចបង្ខិតឱ្យប្រជាជនកម្ពុជាកាន់តែស្វែងយល់ពីវប្បធម៌ប្រពៃណីចិន និងសង្គមចិនបច្ចុប្បន្ន សំដៅរួមចំណែកបង្កើនទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជានិងចិន។

លោក សិន ឈីហ៊ុយ (Shen Qihui) ប្រធានសភាពាណិជ្ជកម្មក្រុងនីងប៉ប្រចាំកម្ពុជា បានមើលឃើញថា ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ដូច្នេះពិព័រណ៍រូបថតនេះនឹងបានចូលរួមជំរុញយុទ្ធនាការរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ លោក សិន ឈីហ៊ុយ បានបន្តថា ភាគីចិននឹងខិតខំរៀបចំការតាំងពិព័រណ៍រូបភាពនេះនៅតាមរោងចក្រផ្សេងទៀតនៅរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីឱ្យបុគ្គលិកនៅកម្ពុជាបានយល់ពីក្រុងនីងប៉ យល់ពីប្រទេសចិន សំដៅពង្រឹងភាពជិតស្និទ្ធ និងទំនាក់ទំនងវប្បធម៌។

លោក ឆិន ឆុង (Chen Cong) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងពីសារសំខាន់នៃការតាំងពិព័រណ៍រូបភាពនៃក្រុងនីងប៉នេះ ដោយលោកយល់ឃើញថា ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជនកម្ពុជានិងចិន គឺសុទ្ធតែមានភាពទាក់ទាញគ្នាទៅវិញទៅមក។ លោក ឆិន ឆុង បង្ហាញការរំពឹងថា តាមរយៈកម្មវិធីតាំងពិព័រណ៍នេះនឹងជំរុញដួងចិត្តប្រជាជននៃប្រទេសទាំងពីរកាន់តែយល់ពី «ទំនាក់ទំនងដែកថែប» របស់ប្រទេសកម្ពុជា និងប្រទេសចិន។

លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមើលឃើញសារសំខាន់នៃកម្មវិធីពិព័រណ៍រូបភាពនេះនឹងជួយជំរុញទេសចរពីក្រុងនីងប៉ និងខេត្តជឺជាំងមកទស្សនាកម្ពុឃាកាន់តែច្រើនជាងមុន។ ទន្ទឹមនឹងនេះក៏ចូលរួមជំរុញឱ្យមានការបើកជើងហោះហើរត្រង់ពីក្រុងនីងប៉មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរ និងធុរជនក្នុងការធ្វើដំណើរទៅមកកម្ពុជាផងដែរ។

លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបង្ហាញការជឿជាក់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍រូបថត «កាលានុវត្តភាពប្រទេសចិន រួមដំណើរជាមួយនីងប៉ ការតាំងពិព័រណ៍សហគ្រាសរាប់រយក្រុមហ៊ុន និងទំនិញរាប់រយមុខ» នេះទៅ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ពិសេសក្រុងនីងប៉ ខេត្តជឺជាំង នឹងកាន់តែជិតស្និទ្ធ ពិសេសនឹងជួយពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិងចិន ពិសេសលើវិស័យវប្បធម៌ ទេសចរណ៍ ព័ត៌មាន ពាណិជ្ជកម្ម ធុរកិច្ចជាដើម ហើយបុព្វហេតុនៃមិត្តភាពប្រទេសទាំងពីរនឹងបន្តទៅមុខទៀត។

តំណាងរោងចក្រ Seduno ក៏បានថ្លែងអំណរគុណដល់គណៈរៀបចំពិព័រណ៍ដែលបានជ្រើសរើសទីតាំងរោងចក្រនេះជាកន្លែងរៀបចំកម្មវិធី ដែលបានជួយបុគ្គលិក កម្មករ-កម្មការិនីរោងចក្របានយល់ពីទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងមើលឃើញពីភាពទាក់ទាញនានានៅទីក្រុងនីងប៉ ខណៈរោងចក្រក៏តែងដឹកនាំដំណើរទស្សនកិច្ចរបស់បុគ្គលិកកម្ពុជាទៅកាន់ទីក្រុងនីងប៉ ក៏ដូចជាប្រទេសចិនជារឿយៗផងដែរ៕