(សៀមរាប)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារ សន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី២ (2nd ASEAN-Japan Cybersecurity Working Group Meeting) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាន ជប៉ុន និងលេខាធិការអាស៊ាន សរុបប្រមាណ ៣៥ រូប។

កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសជប៉ុន ក្នុងវិស័យសន្តិសុខសាយប័រ ដែលរួមមាន៖ យុទ្ធនាការលើកកម្ពស់ការយល់ដឹងរួមគ្នា ការពង្រឹងការ ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការជូនដំណឹងគ្នាទៅវិញទៅមក តាមការស្ម័គ្រចិត្ត ស្តីពីឧប្បត្តិហេតុសន្តិសុខ និងហានិភ័យសន្តិសុខសាយប័រ ការធ្វើលំហាត់ផ្នែកសន្តិសុខសាយប័រ លើកកម្ពស់ការកសាងសមត្ថភាព ការស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពរដ្ឋាភិបាល អង្គភាពវិស័យឧស្សាហកម្ម និងអង្គភាពវិស័យអប់រំ ដើម្បីបង្កើតបាននូវបរិស្ថានឌីជីថល ប្រកបដោយសុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់៕