(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូនដល់ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យក្នុងពេលដែលជួបគ្រោះធម្មជាតិរៀងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះនៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានណែនាំអាជ្ញាធរមូលដ្ឋានជាពិសេសលោកមេភូមិ លោកមេឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ជាពិសេសនៅក្នុងពេលដែល មានជួបគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួតឬគ្រោះទឹកជំនន់ជាដើម។

លោកបានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទ និងត្រូវចូលរួមគ្នាថែមទៀតក្នុងការ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ មច្ឆជាតិ និងព្រៃលិចទឹកនៅតំបន់បី ដែលជាជម្រកត្រីពង ជាគម្របធម្មជាតិនិងជាប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ។

លោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកកម្ពុជាស្រុកស្ទោង ដែលតែងតែសហការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង ដល់រដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការ មនុស្សធម៌ក៏ដូចជាអភិវឌ្ឍន៍ស្រុកស្ទោងស្ទើរតែគ្រប់វិស័យ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលទទួលអំណោយនៅពេលនេះ មានចំនួន១០០គ្រួសារ ដែលមួយគ្រួសារៗទទួលបាននូវ អង្ករ១បេ មី១កេស ទឹកត្រី១យួរ  ទឹកស៊ីអ៉ីវ១យួរ  និងទឹកសុទ្ធ ២ប៊ីដុងស្មើនឹង ៤០លីត្រ និងជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជាប្រប្រចាំស្រុកស្ទោង៕