(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានសម្តែងសេចក្តីសប្បាយរីករាយ ដែលសមាជិកសមាជិកាក្រុមការងារគ្រប់ថ្នាក់ទាំងអស់នាឱកាសនេះ។ លោកបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥ សមាជិក សមាជិកា គណបក្សប្រជាជន ទាំងអស់គ្នាផងដែរ។

លោក កែ គឹមយ៉ាន បានលើកឡើងថា ដោយបានកោតសសើរក្រុមការងារគ្រប់ថ្នាក់ដែលបានបំពេញការងារបានយ៉ាងល្អក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលជាការ បោះឆ្នោតអសកល និងមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីភាពខ្លាំង និងភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងអំណរគុណក្រុមការងារគណបក្សថ្នាក់កណ្តាល សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋាន ដើម្បីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជា និងការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានណែនាំឲ្យអង្គបោះឆ្នោតទាំងអស់ ដែលជាក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឲ្យថែរក្សាសុខភាព ត្រៀមឯកសាររបស់ខ្លួនដើម្បីទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ឲ្យបានគ្រប់គ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានរបស់យើងបន្តរីកចម្រើនបន្ថែមទៀត៕