(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Fahad Ahmed ទីប្រឹក្សាផ្នែកច្បាប់នៃគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលសមិទ្ធផលទាំងនេះ គឺជាភាពជោគជ័យរបស់កម្ពុជា ក្នុងការផ្តល់នូវដីប្រកបដោយសុវត្ថិភាពសម្រាប់ការបង្កបង្កើនផល និងគាំទ្រដល់ការអភវិឌ្ឍប្រទេសជាតិ ជាពិសេសបានកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។

ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីអាណត្តិរបស់អាជ្ញាធរមីនក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការផ្តល់កិច្ចសហការ និងសម្របសម្រួលក្នុងការផ្តល់សេវានានាដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់ ICRC ក្នុងកំឡុងពេលកម្ពុជាជួបនូវវិបត្តិសង្រ្គាម និងវិបត្តិមនុស្សធម៌ ហើយ ICRC គឺជាមិត្តភ័ក្តិពិតប្រាកដរបស់កម្ពុជា។

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ICRC ដែលបានចូលរួមជួយកម្ពុជាក្នុងកំឡុងពេលមានសង្រ្គាម ជួយដល់ជនភៀសខ្លួន និងជួយដល់សកម្មភាពមីន មនុស្សធម៌ ព្រមទាំងបានបណ្តុះបណ្តាលនូវជំនាញដល់កម្ពុជាក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងជួយកសាងនូវមជ្ឈមណ្ឌលស្តារកាយសម្បទា ជាដើម។ ជាងនេះទៅទៀត ក្នុងភាពជាប្រធាននៃអនុសញ្ញាអូតាវ៉ារបស់កម្ពុជា ICRC បានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរយ៉ាងជិតស្និទជាមួយកម្ពុជាផងដែរ។

លោក Fahad Ahmed បានកោតសរសើរភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ។ លោក Fahad Ahmed បានបញ្ជាក់ថា ICRC នឹងបន្តពិភាក្សា និងធ្វើការជាមួយកម្ពុជាដល់ដំណើររៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕