(បន្ទាយមានជ័យ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កើត វណ្ណារ៉េត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជិន លីឡៃ អាយុ៣៣ឆ្នាំ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមហ៊ុន ប៉ោយប៉ែតភែលេសអេនធើធេនម៉ិន ដាក់ពាក្យប្ដឹងពីបទ «រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត» ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចេញដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក កើត វណ្ណារ៉េត បានធ្វើឡើងបន្ទាប់ពីជនសង្ស័យឈ្មោះ ជិន លីឡៃ គេចវេស មិនព្រមចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការចំនួន៥លើក។

ជនសង្ស័យ ឈ្មោះ ជិន លីឡៃ ត្រូវកម្លាំងកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ជិន លីឡៃ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕