(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៤លាន៧សែននាក់ ដែលទទួលបានផលពីកម្មវិធីជំនួយសង្គម (មូលនិធិសមធម៌សុខាភិបាល) គឺត្រូវបានអនុវត្តប្រកបដោយតម្លាភាព និងគ្មានការប្រកាន់បក្ខពួក ឬសាច់ញាតិ ដូចការមួលបង្កាច់របស់លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិនោះឡើយ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានហៅការអនុវត្តច្បាប់ ចំពោះលោក ស៊ុន ចន្ធី គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវស្អាតស្អំរបស់រាជរដ្ឋាភិបាល។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ លោកក៏ត្រូវបានចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន នៅមណ្ឌល​អប់រំ​កែប្រែ​ទី​៤ (ម៤) នៅក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ សម្តេចធិបតីបានបញ្ជាក់ដូច្នេះថា «គេចោទថារដ្ឋាភិបាលប្រកាន់បក្ខពួក ឱ្យតែគ្នាឯង ថាឱ្យតែប្រពន្ធ បងប្អូន ខ្សែមេភូមិ មេឃុំ ចៅហ្វាយខេត្ត ខ្ញុំសួរថាមេភូមិ មេឃុំ ចៅហ្វាយខេត្តបូកចូលគ្នាទៅប៉ុន្មាននាក់? គ្រួសារណាដល់ ៤លាន ៧សែននាក់? យើងធ្វើគោលនយោបាយផ្តល់ឱ្យប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេថាអ្នកដែលបាននោះ ដោយសារគេ ដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំប្រឹងធ្វើណាស់ ទីបំផុតបានផលអ្នកឯងមកចង់លួចហើយ ជេរអ្នកដាំទៀត [...] អីចឹងអ្នកខំដាំមានលទ្ធភាពអី ក្រៅពីការពារភាពស្អាតស្អំរបស់ខ្លួនតាមផ្លូវច្បាប់។ នេះហើយបានជាមានការប្តឹង ហើយឃាត់ខ្លួន លោក ស៊ុន ចន្ធី នោះ»

សម្តេចធិបតី ចាត់ទុកការលើកឡើងរបស់លោក ស៊ុន ចន្ធី មិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ តែជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយដោយចេតនា ដែលត្រូវទទួលខុសត្រូវចំពោះប្រឈមមុខច្បាប់។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងផងដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ មូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់លើពលរដ្ឋគោលដៅប្រមាណ ៤.៧ លាននាក់ ស្មើនឹង ២៧% នៃពលរដ្ឋសរុប ក្នុងនោះរួមមាន៖ ទី១).ពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណជាង ២,៨ លាននាក់; ទី២).ក្រុមគោលដៅមួយចំនួន រួមមាន៖ កីឡាករ, កីឡាការិនី, អ្នករត់ម៉ូតូ រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិក និងអ្នកជំនាញដោះមីន, និងក្រុមកម្មករ-និយោជិតក្រៅប្រព័ន្ធចំនួនប្រមាណជាង ១០ម៉ឺននាក់, ទី៣). បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៣ ២១៧ នាក់; និង ទី៤). គ្រួសារងាយរងហានិភ័យ ចំនួនប្រមាណជាង ១,៨ លាននាក់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា ការគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់។ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយជិត ៦០០លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាល។

សូមជម្រាបថា មូលនិធិសមធម៌សុខាភិបាល ត្រូវបានចាប់ផ្តើមអនុវត្តសាកល្បង ក្នុងខេត្តសៀមរាប និងខេត្តតាកែវ កាលពីឆ្នាំ ២០០០ និង ត្រូវបានពង្រីកជាបន្តបន្ទាប់ រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កាលពីឆ្នាំ ២០១៥ ។ មូលនិធិសមធម៌សុខាភិបាល អនុញ្ញាតឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ មានលទ្ធភាពប្រើប្រាស់សេវាជាសកល ចំពោះកញ្ចប់សេវាសារវន្តនៃអន្តរាគមន៍ គាំពារសុខភាពដែលមានគុណភាព ដោយផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុទល់នឹងផលវិបាកនៃជំងឺ និង ដែលត្រូវបានពង្រីកវិសាលភាព ដល់ក្រុមគោលដៅដទៃទៀតជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៨មក៕