(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការដាក់ឲ្យអនុវត្ត «ផែនទីបង្ហោះផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា» គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ពិសេសពាក់ព័ន្ធការគាំពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»

ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រ​ឆ្ពោះ​ទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើស​គោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខា​ភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិស​ដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការ​ប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកកម្មវិធីដ៏វិសេសវិសាលនៅថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ដ្រ និងជាវឌ្ឍនភាពមួយសំខាន់ នៅក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ពិសេសពាក់ព័ន្ធការគាំពារសុខភាព និងសុខមាលភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ ពីព្រោះថាការដាក់ឲ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលកម្ពុជា ជាការបោះជំហានដ៏ស្វាហាប់ប្រកបដោយមោទនភាពរបស់កម្ពុជា»

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ផែនទីបង្ហាញផ្លូវនេះ ជាដំណើរឆ្ពោះទៅការកសាងប្រព័ន្ធថែទាំសុខភាពសង្គមមួយសម្រាប់ពលរដ្ឋគ្រប់រូប ឲ្យទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយក៏បានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងយុទ្ធសាស្ដ្របញ្ចកោណ ធនធានមនុស្សនៅតែជាកិច្ចការសំខាន់។ មូលធនមនុស្ស នៅតែជាគន្លឹះក្នុងការកសាងជាតិ ហើយសុខភាព គឺជាចំណែកមួយក្នុងការកសាងមូលធនមនុស្ស។

សម្ដេចបានគូសបញ្ជាក់ទៀតថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖ ១៖ ការពង្រីកវិសាលភាពនៃការ​គ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឲ្យបាន ៨០ភាគរយ នៃពលរដ្ឋសរុប, ២៖ ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឲ្យបានយ៉ាងហោច ៨០ភាគរយ, និង៣៖ ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឲ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការបង្កើនតែទំនើបកម្មសេវាសុខាភិបាល ហើយពលរដ្ឋទទួលមិនបាន គឺគ្មានតម្លៃនោះទេ ខណៈការធ្វើទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញនោះទេ គឺត្រូវតែរុញដល់ទីជនបទ ពោលការគិតគូរលទ្ធភាពឲ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់៕