(ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើន​ទំនើបកម្មសេវាសុខាភិបាល នឹងមិនអាចមានតែនៅភ្នំពេញ​ និងសម្រាប់អ្នកដែលមានលទ្ធភាពនោះទេ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ ​និងគិតគូរពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលដែលមានគុណភាពជាមួយតម្លៃសមរម្យគ្រប់គ្នា។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ធ្វើឡើងនៅ​ឱកាសដែលសម្តេច​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ២០២៤នេះ។

សម្តេចធិបតីបានគូសបញ្ជាក់ថា «លទ្ធភាពទទួលបានសេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជនអត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ»។​

សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល​​​នៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាលក៏យកចិត្តទុកខ្លាំងផងដែរ ទៅលើលទ្ធភាពទទួលបានសេវា តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូងនេះមន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

សម្តេចបានថ្លែងថា ជាមួយគ្នា រាជរដ្ឋាភិបាលក៏គិតគូរទៅលើតម្លៃសមរម្យនៃការផ្តល់សេវា ពោលគឺ​ប្រសិនបើគុណភាព​សុខាភិបាលបានរុញទៅដល់មូលដ្ឋានហើយ គឺត្រូវតែគិតអំពីលទ្ធភាព​ក្នុងការបង់ថ្លៃ ឬមួយក៏ការជួយជ្រុំជ្រែងរបស់រដ្ឋក្នុងកម្រិតណាមួយ។ នេះគឺជាគោលដៅចាំបាច់​ ក្នុងការពង្រឹងធនធាន​មនុស្ស ​និងសុខភាពជាចម្បង គឺកសាងសេវាសុខភាពដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន ​និងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព នៅក្នុងការទទួលបានដោយមានចីរភាព។

សម្តេចមានប្រសាសន៍ទៀតថា «អ៊ីចឹងទៅលើ បញ្ហាបីនេះ គុណភាព លទ្ធភាពទទួលបានសេវា និងតម្លៃសមរម្យ តើរដ្ឋាភិបាលចេញគោលនិយោបាយអ្វីខ្លះមកហើយ ហើយឥលូវធ្វើអ្វីខ្លះ? ទី១. គុណភាព​៖ គុណភាពគឺយើងបានវិនិយោគច្រើនណាស់ក្នុងរយៈពេល៤០ឆ្នាំនេះទៅលើសុខាភិបាល ។ ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខនៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា២៣០០​ប៊ីលាន​រៀល ស្មើនឹង៥៧៣លានដុល្លារ នៅក្នុងការវិនិយោគនៅក្នុងសុខាភិបាល ហើយក្នុងនោះវាផ្តោតទៅលើការពង្រឹងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ទំនើបកម្មឧបករបរិក្ខា លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រម​ប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត​និងផ្តល់សិទ្ធិដល់វិស័យឯកជន នៅក្នុង និងក្រៅប្រទេស។ កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងលើកកម្ពស់ទៅដល់សុខាភិបាល»

ទន្ទឹមគ្នាសម្តេចធិបតី បានថ្លែងអំណរគុណទៅដល់អង្គការដៃគូ និងប្រទេសជាដៃគូដែលបានជួយនៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ហើយកន្លងមករាល់ពេលសម្តេចធិបតីបានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋ​ទូត ពីបណ្តាប្រទេសជាច្រើន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានា សម្តេចមិនដែលរំលងឡើយក្នុងការលើកយកវិស័យសុខាភិបាលមកជជែកពិភាក្សា ជាពិសេសពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល​​ទៅមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ​៕