(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិ​ឆ្នាំ២០២៤ នៅទីក្រុងឡែហ្សិក ប្រទេសអាល្លឺម៉ង់។

ដំណើរចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនា​គមន៍ នៃសាធារណរដ្ឋលី​ទុយអានី ដែលជាប្រធានប្តូរវេននៃវេទិកាដឹក​ជញ្ជូនអន្តរជាតិឆ្នាំ២០២៣-២០២៤។ វេទិកានេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងែទី២៤ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ត្រូវបានរៀបចំ​ឡើង​ក្នុងគោលបំណងពិគ្រោះពិភាក្សាគ្នា រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីរិះរកវិធីសាស្រ្តក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន ឡូជីស្ទីក និងបម្លាស់ទី។ កម្ពុជាត្រូវបានក្លាយជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ​កាលពីឆ្នាំ២០២២ ក្នុងចំណោមសមាជិកបច្ចុប្បន្នដែលមានចំនួនសរុប ៦៦ប្រទេស។

កិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិឆ្នាំ ២០២៤ ផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទ «ការដឹកជញ្ជូនបៃតង ក្នុងកាលៈទេសៈដែលមានវិបត្តិ» ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក, អ្នកជំនាញការសំខាន់ៗក្នុងវិស័យដឹកជញ្ជូន, ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍, និងក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។

កិច្ចប្រជុំកំពូលឆ្នាំ២០២៤ មានអ្នកចូលរួមចំនួនជាង ១,២០០នាក់ ក្នុងនោះមានអ្នក​ជំនាញការជាវាគ្មិនចំនួនជាង ១១០នាក់ រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីតំណាងប្រទេសជាសមាជិកចំនួន ៤៥នាក់។ កិច្ចប្រជុំសំខាន់ទាំងក្នុងកម្រិតបច្ចេកទេស និងកិច្ចប្រជុំតុមូល សរុបចំនួន ៣៥ ត្រូវបានរៀបចំឡើង ក្នុងនោះមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចំនួន ០៦៖ (១) កិច្ចប្រជុំតុមូលស្តីពី ការដឹកជញ្ជូន និងការប្រែប្រួលអាកាសធាតុ (Transport and Climate Change) ដោយពិនិត្យមើលទៅលើការអនុវត្ត COP28, (២) កិច្ចប្រជុំតុមូលស្តីពី ភាពធននៃខ្សែច្រវាក់ផ្គត់ផ្គង់ (Resilience Supply Chain) ដោយពិនិត្យមើលទៅលើគោលនយោបាយគាំពារនានាដើម្បីធានាភាពធននៃខ្សែច្រវាក់ផ្គត់ផ្គង់, (៣) កិច្ចប្រជុំតុមូលពិសេស ដោយផ្តោតទៅលើបញ្ហានៅប្រទេសអ៊ុយក្រែន, (៤) កិច្ចប្រជុំចង្អៀតរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន, (៥) កិច្ចប្រជុំបើកទូលាយស្តីពី កិច្ចសហប្រតិបត្តិការដើម្បីស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ពិភពលោក, និង (៦) កិច្ចប្រជុំតុមូលស្តីពី ការដឹកជញ្ជូនប្រកបដោយបរិយាប័ន ដើម្បីធានាការចូលរួមបានទាំងអស់គ្នា។

ក្រៅពីកិច្ចប្រជុំខាងលើ លោករដ្ឋមន្រ្តី គ្រោងដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសំដែងការគួរសមជាមួយលោក Young Tae Kim អគ្គលេខាធិការ ITF, លោក Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី និងជាប្រធានកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិឆ្នាំ២០២៤, លោក យ៉ាង លី អនុរដ្ឋមន្រ្តីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបប្រជុំទ្វេភាគីជាមួយតំណាងធនាគារ AIIB ផងដែរ៕